មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋកុំពន្យារពេលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ
ភ្នំពេញ: លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បាន អំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករកម្មការិនី ទាំងអស់ កុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីរយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត ។
លោកជំទាវ ឱ វណ្ណឌីន ថ្លែងក្នុងពេលចុះពិនិត្យ គាំទ្រ ពន្យល់ អប់រំ សុខភាព និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះកាល ថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ឱ្យដឹងថា ការចាក់វាក់សំាងដូសជំរុញត្រូវធ្វើឡើងពី ៤-៦ខែ និងពី ៣ខែឡេីងទៅ សម្រាប់អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហេីយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ។
លោកជំទាវបាន បន្តថា សម្រាប់ការចាក់ដូសជំរុញ នៅពេលដល់វេនចាក់ ដោយមិនត្រូវ ឱ្យ ហួសពេលយូរពេកឡើយ ដែលអាច ធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គល ធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង។ លោកជំទាវក៏ បានណែនាំទៅដល់គណ:នាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់សិក្សានុសិស្ស និងអ្នកគ្រូលោកគ្រូ ព្រមទាំងបុគ្គលិកសាលារបស់ខ្លួនផងដែរ ពោលគឺត្រូវ រៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន និងបន្តការអនុវត្តវិធានការ អប់រំ ការពារ បង្ការ និង ទប់ស្កាត់ការរីករាលដាល ឫផ្ទុះឡើងងសារជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។
លោកជំទាវ ឱ វណ្ណឌីន បាន ថ្លែងថា ៖ «យើងទាំងអស់គ្នាមិនត្រូវភ្លេចពេលវេលាចាក់វ៉ាក់សាំងកូវីដ១៩ ដូសចុងក្រោយនោះទេ ពីព្រោះវាងាយស្រួលដើម្បីទៅទទួលវ៉ាក់សាំងកូវីដ១៩ ដូសបន្តបន្ទាប់ត្រូវទៅតាមពេលវេលាកំណត់ដែលជួយរក្សាបាននូវភាពស៊ាំរឹងមាំរបស់បុគ្គល និងសហគ មន៍យើង ដើម្បីនិរន្តភាពនៃការស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីជាមួយនឹងការ រួមចំណែកជំរុញសេដ្ឋកិច្ចគ្រួសារ -សង្គមកើនឡើងជាបន្តប ន្ទាប់ផងដែរ»។
ជា អ្នកនាំពាក្យក្រសួងសុខាភិបាលផងដែរនោះ លោកជំទាវ ឱ វណ្ណឌីន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញព្រមទាំងបន្តអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។
លោកជំទាវបញ្ជាក់ថា ៖ «ការចាក់វ៉ាក់សាំងកូវីដ១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាតនៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ១៩ បានជាអតិបរមាផងដែរ»។
ពាក់ព័ន្ធនឹងមេរោគកូវីដ១៩ នេះដែរ គណៈកម្មាធិការ នៃ ក្រុម អ្នកជំនាញ អន្តរជាតិនៃ អង្គការ សុខភាព ពិភពលោក ក៏ បាន លើកឡើងដែរថា វីរុសកូវីដ១៩ នៅតែ បន្ត ជា ភាពអាសន្ន រួម ផ្នែក សុខភាព សាធារណៈ នៃ ការព្រួយបារម្ភ ជា អន្តរជាតិដដែល ។
គណៈកម្មាធិការ នៃ ក្រុម អ្នកជំនាញ អន្តរជាតិ បាន លើកឡើង នៅក្នុង កិច្ចប្រជុំកាល ពី សប្តាហ៍ មុន ដែលអ្នកជំនាញ បាន បង្ហាញ ការព្រួយបារម្ភ របស់ ពួកគេ ចំពោះ ចំនួន អ្នកស្លាប់ ខ្ពស់ ដោយ សារ ជំងឺកូវីដ១៩ និង ការទទួល វ៉ាក់សាំង បង្ការ មិន គ្រប់គ្រាន់ នៅក្នុង ប្រទេស កំពុងអភិវឌ្ឍន៍ ។
អង្គការ សុខភាព ពិភពលោក បាន អំពាវនាវ ឱ្យភាគី រដ្ឋ ទាំងអស់ បង្កើន ការចាក់ វ៉ាក់សាំង ដុស ជំរុញ បង្ការ វីរុស ប្រុងប្រយ័ត្ន ចំពោះ វីរុស បំប្លែង ខ្លួន ថ្មី ដែល កំពុង បង្ហាញខ្លួន និង ផ្តល់ឱ្យ អង្គការ សុខភាព ពិភពលោក នូវ ទិន្នន័យ តាមដាន លម្អិតផងដែរ៕
ដោយ:យុទ្ធ វិរ: