នៅសល់៩៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៦ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៩៤ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូង នៃកីឡាស៊ីហ្គេមលើកទី៣២ ។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី៣១មករានេះ បានសរសេរថា «ថ្ងៃទី៣១ មករា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៩៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួម មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើង ក្នុងរវាង២ឆ្នាំម្តងដោយចាប់ផ្តើមដំបូងក្នុងខែធ្នូ ឆ្នាំ១៩៥៩។
កម្ពុជាតែងខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។