រថយន្តសាមុយត្រូវរថភ្លើងបុកនៅទំនប់រលក (Video Inside)
រថយន្តសាមុយដែលតែងមានអទិភាពក្នុងពេលធ្វើដំណើរតាមដងផ្លូវ ត្រូវបានរថភ្លើងធ្វើដំណើរតាមផ្លូវដែក បានបុកក្នុងហេតុការណ៍មួយដែលកើតឡើងក្នុងសង្កាត់លេខ១ទំនប់រលក នៃក្រុងព្រះសីហនុ។
សេចក្តីរាយការណ៍បានបង្ហាញថា មនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍ ដែលរថភ្លើងបុករថយន្តសង្គ្រោះបន្ទាន់ នៃសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាព កម្ពុជាជប៉ុន ខេត្តព្រះសីហនុ ដែលកើតឡើងវេលាម៉ោងជិត១រសៀលថ្ងៃទី៣១ មករា ឆ្នាំ២០២៣ ត្រង់ម្តុំរំដួលជើងភ្នំនៃសង្កាត់លេខ១ក្រុងព្រះសីហនុ។
ផ្ទះរបស់ពលរដ្ឋដែលស្ថិតក្បែរថ្នល់រថភ្លើង ត្រូវគេឃើញថាបានរងប៉ះពាល់ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នានោះផងដែរ។ សម្ភារៈខ្លះក្នុងផ្ទះត្រូវបានខូចខាតគ្រាដែលរថយន្តត្រូវបានរថភ្លើង បុក និងកៀរមកចូលក្នុងផ្ទះអ្នកស្រុក។ សេចក្តីរាយការណ៍បានបង្ហាញថា មុនពេលរថភ្លើង បើកមកដល់នោះ មិនមានការដាក់របាំងណាមួយរារាំងការធ្វើដំណើរឆ្លងកាត់ថ្នល់រថភ្លើងឡើយ ដែលជាមូលហេតុបណ្តាលឱ្យរថយន្តសាមុយ ត្រូវបានរថភ្លើងបើកបុកក្នុងពេល កំពុងឆ្លងកាត់នោះ។