ឯកអគ្គរាជទូតជប៉ុនវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក
ភ្នំពេញ៖ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ជប៉ុន ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។
ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនទៅជា ”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ សម្តេចបានប្រសិទ្ធពរឱ្យចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរស្ថិតស្ថេរចីរកាល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូបែប មានប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោក។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិតដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា នៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ ព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏មានក្រុមមិត្តភាពទ្វេភាគីជាមួយគ្នាផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចបានគាំទ្រចំពោះគោលបំណងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចង់អញ្ជើញទៅទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្តនានា ដើម្បីឈ្វេងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា បចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពជាទីបំផុត។ សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិ។ សម្តេចមានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរាជទូតនឹងធ្វើជាស្ពានចម្លងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម ឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រជាជន និងប្រទេសទាំងពីរនាំមកនូវផលប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ សម្តេប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូតបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចដែលរដ្ឋាភិបាល និងប្រជាជនជប៉ុនប្រគល់ជូន៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា