រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹងអញ្ជើញចូលរួម​ជំនួប​លើកដំបូង​​​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានក្នុង​ឆ្នាំ​២០២៣

​ភ្នំពេញ៖ តប​តាម​ការអញ្ជើញ​របស់លោក​ជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី​៣២ ​និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣-៤ ខែកុម្ភៈ នៅ​ទីក្រុង​ហ្សា​ការ​តា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

លោក​ជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី(រូបថតឯកសារ)

ប្រភពដដែលបាន​ឱ្យដឹងថា កិច្ចប្រជុំ ACC លើក​ទី​៣២ នឹង​ផ្តោតលើ​ការបន្ត​តាមដាន «​សេចក្តីថ្លែងការណ៍​រប​ស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​សំណើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​» និង​«​សេចក្តីប្រកាស​ស្តីពី​សេដ្ឋកិច្ច​បៃតង​»​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​នឹង​ពិភាក្សា​អំពី​អាទិភាព​នានា​នៅក្នុង​ឆ្នាំ​២០២៣ ផងដែរ​។​

ប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​ការបន្ត​តាមដាន​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ រួមទាំង «​ការពិនិត្យ​ឡើងវិញ​និង​ការសម្រេច​របស់​ថ្នាក់ដឹកនាំ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​» និង «​អនុសាសន៍​ស្តីពី​ការពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ស្ថាប័ន​របស់​អាស៊ាន ដោយ​ក្រុមការងារ​កម្រិត​ខ្ពស់​លើ​ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០២៥​របស់​សហគមន៍​អាស៊ាន​» ព្រមទាំង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន ក៏ដូចជា​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។

ប្រភព​ដដែល​បន្តថា ឥណ្ឌូនេស៊ី នឹង​ដឹកនាំ​ដំណើរការ​អាស៊ាន​នៅ​ឆ្នាំនេះ ក្រោម​មូលបទ «​អាស៊ាន​សំខាន់​៖ ចំណុចកណ្តាល​នៃ​កំណើន​» ដើម្បី​ធានាថា​អាស៊ាន​ក្លាយជា​ចំណុច​នៃ​កិច្ចសហប្រតិបត្តិការ ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​តំបន់ និង​ពិភពលោក​។​

នៅក្នុង​ឱកាស​នៃ​ជំនួប​ខាងលើឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា​នឹងមាន​កិច្ចសន្ទនា​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​របស់​ឯក​ឧត្ដម​ពី​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​៕ ដោយ៖ ពល​ជ័យ​

ads banner