រដ្ឋមន្រ្តីការបរទេស៖ កម្ពុជានឹង​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​និង​ផ្អែកលើ​ច្បាប់ ដែល​ការពារ​ផលប្រយោជន៍​ស្នូល ធានា​អធិបតេយ្យភាព​និង​សន្តិភាព និង ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​»

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញជូន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន របស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ «​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់​ក្រសួងការបរទេស​នៅ​រសៀល​ថ្ងៃទី ១ ខែកុម្ភៈ​ឆ្នាំ​២០២៣​។

​ក្នុង​សេចក្តី​ផ្តើម​នៃ​បទ​បង្ហាញ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា «​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិភពលោក​បន្ត​វិវត្តន៍​ទៅរក​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែលមាន​លក្ខណៈ​សកល ពហុ​ប៉ូល និង​ស្មុ​គ្រ​ស្មាញ​។ ការវិវត្ត​នេះ​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​នៃ​ទំនាក់ទំនង​អន្តរជាតិ​យ៉ាង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ​គ្រោះថ្នាក់​» ។​

​ចំពោះ​បរិបទ​អន្តរជាតិ​និង​តំបន់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​រៀបរាប់​ដោយ​សង្ខេប​នូវ​ការវិវត្ត​មួយចំនួន ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ ការបង្កើត​សម្ព័ន្ធភាព​និង​គំនិត​ផ្តួចផ្តើម យ៉ាងច្រើន​អនេក​លើ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​ការអភិវឌ្ឍ នៅ​ពាសពេញ​តំបន់ ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជាដើម​។​ល​។

​ចំពោះ​ទិដ្ឋភាព​ក្នុងប្រទេស​វិញ​បទ​បង្ហាញ​ក៏បាន​រំលេច​ផងដែរ​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​ជោគជ័យ​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ របស់​កម្ពុជា ការសម្រេចបាន​នូវ​ស្នាដៃ​ដ៏​ធំធេង​ក្នុង​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ កិច្ចខិតខំ​ប្រឹងប្រែង យ៉ាងសកម្ម​និង​ស្មោះត្រង់​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​និង​ជា​ប្រេសិត​ពិសេស​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ស្មុគស្មាញ​និង​ចាក់​ឬ​ស​យ៉ាងជ្រៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ព្រមទាំង​ការទទួលស្គាល់​ជា​អន្តរជាតិ​ចំពោះ​នយោបាយ​ការបរទេស​ឯករាជ្យ និង​ផ្អែកលើ​ច្បាប់ របស់​កម្ពុជា​។​

បទ​បង្ហាញជូន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មានរបស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ «​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​

ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា និង​ភាពមិនប្រាកដប្រជា​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​នយោបាយ​ការបរទេស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ប្រកាន់ខ្ជាប់​គឺ ក្នុងចំណោម​នយោបាយ​ការបរទេស​ទាំងនោះ រួមមាន ការការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ នយោបាយ​ការទូត​បុ​រេ​សកម្ម ដែល​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​និង​ផ្អែកលើ​ច្បាប់ ស្របតាម គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​អាស៊ាន ព្រមទាំង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ និង​ដៃគូ​ថ្មីៗ​៕ ដោយ​៖​ពល​ជ័យ​

បទ​បង្ហាញជូន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មានរបស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ «​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​
ads banner