លោក គង់ គាំ ប្រកាសដកខ្លួនឈប់បំរើគណបក្សភ្លើងទៀន (Video Inside)
លោក គង់ គាំ បានប្រកាសដកខ្លួនឈប់បំរើគណបក្សភ្លើងទៀន ដែលការប្រកាសនេះ បានធ្វើឡើងក្នុងលិខិតថ្លែងអំណរគុណមួយជួនចំពោះសម្តេចតេជោ ហ៊ុន សែន។ លិខិតចុះថ្ងៃទី៣១ មករា ឆ្នាំ២០២៣ ប៉ុន្តែទើបបានបញ្ចេញនៅថ្ងៃនេះ បានសរសេរថា «ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្ត្រនយោបាយក្នុងតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន, ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។
លោក គង់ គាំ ធ្លាប់ជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងធ្លាប់មានតួនាទីខ្ពស់ជារដ្ឋមន្ត្រីការបរទេសផងដែរ ប៉ុន្តែមហិច្ឆិតានយោបាយរបស់លោកជាមួយនឹងសម្តីប្រមាថប៉ះពាល់ខ្លាំងដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា បានបង្ខំចិត្តឱ្យប្រមុខដឹកនាំបក្ខ ជ្រើសរើសវិធានការតបត។
លោក គង់ គាំ ក្នុងនាមជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានព្យាយាមលួចធ្វើវិញ្ញាបនបត្រយក ផ្ទះ និងដីធ្វើជាទ្រព្យសម្បត្តិឯកជនកាលពីខែមេសា ឆ្នាំ១៩៩០។ ដីនិងអចលនទ្រព្យ ក្នុងសង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន ដែលលោកបានគ្រប់គ្រងខុសច្បាប់នោះ ត្រូវបានលោកប្រគល់មករដ្ឋវិញ ជាមួយនឹងការធ្វើលិខិតសុំអភ័យទោស។
សម្តេចប្រមុខដឹកនាំគណបក្សប្រជាជន កម្ពុជាក្នុងឱកាសមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាកាលពីចុងសប្តាហ៍កន្លងមកនេះ បានថ្លែងជុំវិញសមានចិត្តនៃការធ្លាប់ចូលរួមរបស់លោក គង់ គាំ រយៈពេល១៤ឆ្នាំបំរើគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។ ប៉ុន្តែដោយសារតែសម្តីរបស់លោក គង់ គាំ វាយប្រហារលើកិត្តិយសគណបក្សប្រជាជនកម្ពុជា ទើបបង្ខំឱ្យគណបក្សគ្មានជំរើសក្នុងការធ្វើប្រតិកម្មតបតវិញ។
ក្នុងលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន លោក គង់ គាំ បើទោះបីជាបានសម្តែងក្តីសោកស្តាយចំពោះសេចក្តីសម្រេចដកហូតផ្ទះ និងដី ដែលលោកបានកាន់កាប់ខុសច្បាប់នោះក៏ដោយ ប៉ុន្តែលោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលអនុគ្រោះមិនបន្តប្តឹងរូបលោកទៅតុលាការ។
លិខិតរបស់លោក គង់ គាំ ចុងក្រោយនេះ បានសរសេរទៀតថា «ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច, ពីថ្នាក់ដឹកនាំ, ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងប៉ះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ»។