មេដឹកនំាប្រេស៊ីល និងកូឡុំប៊ី ពិភាក្សាគ្នាតាមទូរសព្ទស្តីពីផែនការរួបរួមគ្នាដើម្បីធានាការពារអធិបតេយ្យភាពនៅតំបន់ព្រៃអាម៉ាហ្សូន
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃចន្ទនេះ បាននិយាយថា រូបលោកបានជជែកគ្នាតាមទូរសព្ទជាមួយសមភាគីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូហ្គេ ដោយផ្តោតសំខាន់ក្នុងការរួបរួមគ្នាលើផែនការធានាការពារអធិបតេយ្យភាព ពាក់ព័ន្ធនឹងព្រៃត្រូពិក អាម៉ាហ្សូន និងប្រភពធនធានធម្មជាតិរបស់ប្រទេសខ្លួន។
តំបន់ព្រៃអាម៉ាហ្សូន បានគ្របដណ្ដប់លើប្រទេសជាច្រើនដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា, ហ្គូយ៉ាណា, ប៉េរូ, ស៊ូរីណេម និងវេណេស៊ុយអេឡា ខណៈ៦០ភាគរយគឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ។
ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ។
ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។ ដោយឡែកកិច្ចសន្ទនាគ្នាតាមទូរសព្ទរវាង មេដឹកនំាប្រទេសទំាងពីរខាងលើនេះ បានធ្វើឡើងក្នុងគ្រាដែលរដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធទទួលយកថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ហើយបើតាម ទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះ គួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង៕ធ.ដ