អ្នកនាំពាក្យក្រសួងការបរទេស៖ ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសង្កេតទៅលើការប្រកាសនាពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖
១.ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។ ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
២.ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។
៣.ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ៕
ដោយ៖ពលជ័យ

ads banner