ធនាគារស្ថាបនា និងក្រុមហ៊ុន លី ហួរ សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការផ្ទេរប្រាក់ទៅមកតាមរយៈកម្មវិធី Sathapana Mobile និងLy Hour Veluy App

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនានា ដែលរួមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន លី ហួរ ផេប៉្រូ គឺជាការបង្ហាញនូវការផ្តោតយកចិត្តទុកដាក់ខ្ពស់របស់យើង ក្នុងការពង្រីកវិសាលភាពសេវាកម្មផ្នែកឌីជីថល ជាពិសេសតាមរយៈ Sathapana Mobile។

ការថ្លែងបែបនេះត្រូវបានលោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា ធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងធនាគារស្ថាបនា ជាមួយនឹងក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិល ស៊ី (លី ហួរ វេរលុយ) នៅថ្ងៃទី២៦ ខែសីហានេះ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ជម្រើសកាន់តែងាយស្រួលដល់អតិថិជន ក្នុងការផ្ទេរប្រាក់ទៅមករវាងគណនីធនាគារស្ថាបនា និងលី ហួរ ផេប៉្រូ LYFE Wallet តាមរយៈការប្រើប្រាស់ Sathapana Mobile និងLy Hour Veluy App។ ភាពជាដៃគូនេះ ក៏នឹងផ្តល់លទ្ធភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ធនាគារស្ថាបនាទាំងអស់ ក្នុងការបង់ប្រាក់កម្ចីរបស់ខ្លួននៅតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលមានចំនួនជាង៤,៥០០កន្លែងនៅទូទាំង ប្រទេសកម្ពុជា។

លោកបន្តថា ចាប់តាំងពីការចាប់បដិសន្ធិរបស់ធនាគារស្ថាបនា យើងបានឃើញពីការផ្លាស់ប្តូរជាវិជ្ជមាននៃកំរិតជីវភាពប្រជាជនកម្ពុជារាប់ពាន់នាក់ តាមរយៈការផ្តល់នូវសេវាកម្មកាន់តែទំនើប និងកាន់តែប្រសើរ ជាមួយបច្ចេកវិទ្យាកាន់តែទំនើបរបស់ធនាគារស្ថាបនា។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការដៃគូថ្មីរបស់យើងជាមួយលី ហួរ ផេប៉្រូ នឹងផ្តល់ភាពកាន់តែ ងាយស្រួលដល់អតិថិជនជាមួយនឹងការប្រើប្រាស់ Ly Hour Veluy App (LYFE Wallet) និង ភ្នាក់ងារជាង៤,៥០០កន្លែងទូទាំងប្រទេសកម្ពុជា។ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបានក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានមានប្រសាសន៍ថា លោកឧកញ៉ាជឿជាក់ថា ការចាប់ដៃគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាព ក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុទាំងនេះ។

លោកឧកញ៉ាបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការភាពជាដៃគូថ្មីបំផុតរវាងធនាគារស្ថាបនា និង លី ហួរ ផេប៉្រូ គឺដើម្បីផ្តល់ជម្រើសសេវាកម្មហិរញ្ញវត្ថុ ទាំងការផ្ទេរប្រាក់ និងទូទាត់កម្ចី សម្រាប់តម្រូវការផ្ទាល់ខ្លួន និង អាជីវកម្មកាន់តែងាយស្រួល លឿន រហ័សទាន់ចិត្ត និងប្រកបដោយសុវត្ថិភាពខ្ពស់ ហើយដើម្បីអបអរសាទរដល់កិច្ចសហការនេះ អតិថិជនទំាងអស់អាចផ្ទេរប្រាក់ទៅ – មក រវាង Sathapana Mobile និងLy Hour Veluy (LYFE Wallet) ដោយឥតគិតកម្រៃសេវារហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner