ប្រធានាធិបតីអាម៉េរិក បង្ហើបពីគម្រោងជួបមេដឹកនាំអ៊ីរ៉ង់
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅពេលវេលាស័ក្តិសមណាមួយ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២។ លោក ដូណាល់ ត្រាំ បង្ហើបពីបំណងចង់ជួបលោក រូហានី អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសនៃកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង។ ប្រធានាធិបតីអាម៉េរិករូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បើសិនជាពេលវេលាស័ក្តិសម ខ្ញុំអាចនឹងជួបជាមួយគាត់ (លោក រូហានី)»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ហាសាន់ រូហានី នឹងត្រូវចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក នៅចុងខែកញ្ញាខាងមុខនេះ ជាទីដែលមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយគ្នា៕ម.ន