មេដឹកនាំប្រទេស G7 សន្យាបរិច្ឆាគប្រាក់២២លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃអាម៉ាហ្សូន

បារាំង៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច G7 បានសន្យាបរិច្ឆាគប្រាក់២២លានដុល្លារ ដើម្បីជួយក្នុងប្រតិបត្តការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដែលបាននឹងកំពុងកើតមានធ្ងន់ជាងគេនៅប្រេស៊ីល និងបូលីវី អស់រយៈពេលជាង៣សប្តាហ៍មកនេះ។

ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេស G7 ក្នុងនោះរួមមានប្រធានាធិបតីអាម៉េរិក អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងផងនោះ បានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីការពារព្រៃគម្របទឹកភ្លៀង និងជាសួតដកដង្ហើមរបស់ភពផែនដីនេះឲ្យមានសុវត្ថិភាព។ ដោយឡែក អង់គ្លេសក៏បានសន្យាផ្តល់ទឹកប្រាក់ជាង១២លានដុល្លារផងដែរ សម្រាប់បេសកកម្មពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន។

សូមបញ្ជាក់ថា ព្រៃអាម៉ាហ្សូន បានគ្របដណ្ដប់លើប្រទេសជាច្រើនដូចជា ប្រេស៊ីល បូលីវី កូឡុំប៊ី អេក្វាដ័រ ដែនដីបារាំងហ្គីយ៉ាណា ហ្គូយ៉ាណា ប៉េរូ ស៊ូរីណេម និងវេណេស៊ុយអេឡា។ ប៉ុន្តែព្រៃដែលគេចាត់ទុកថា ជាសួតរបស់ភពផែនដីមួយនេះ គ្របដណ្ដប់លើប្រទេសប្រេស៊ីលជាង៦០ភាគរយ ហើយកន្លែងដែលឆេះច្រើនជាងគេក៏ស្ថិតនៅប្រេស៊ីលផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner