ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបារាំង អះអាងអំពីការរួបរួមគ្នានៅឯសន្និសីទកំពូល G7 បើទោះជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា មានការព្រមព្រៀងគ្នាជារួមលើបញ្ហាសំខាន់ៗជាច្រើននៅក្នុងសន្និសីទកំពូល G7 បើទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន នៅអំឡុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងភ្លើងឆេះព្រៃ Amazon។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនាថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្លែងថា លោកមានសង្ឃឹមទៅលើកិច្ចប្រជុំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ រវាងលោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី។ ជាការឆ្លើយតប លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបជាដាច់ខាត ហើយថា ប្រសិនបើកាលៈទេសៈកើតឡើងដូចតាមការរំពឹងទុកនោះ លោកនឹងយល់ព្រមចូលរួមកិច្ចប្រជុំ។
ដោយឡែកពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន លោក ដូណាល់ ត្រាំ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនបានទទួលសញ្ញាវិជ្ជមានពីទីក្រុងប៉េកាំងលើបញ្ហានេះ ដោយលោកបាននិយាយថា លោកគិតថា ចិនពិតជាចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាម៉េរិក។ លោក ម៉ាក្រុង ក៏បានថ្លែងដែរថា កិច្ចព្រមព្រៀងនឹងជួយលុបបំបាត់ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកលលោកពាក់ព័ន្ធនឹងបញ្ហានេះ៕ធ.ដ