ឧបនាយករដ្ឋមន្រ្តីចិនថ្លែងថា ប្រទេសចិនស្វាគមន៍វិនិយោគិនមកពីបណ្តាប្រទេសនានា លើពិភពលោក សម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្ម
ចិន៖ អំឡុងពេលចូលរួមពិព័រណ៍ឧស្សាហកម្មឆ្លាតវៃចិនអន្តរជាតិលើកទី២ នៅទីក្រុងឆុងឈីង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ីបានថែ្លងថា ប្រទេសលោកស្វាគមន៍ចំពោះវិនិយោគិនមកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក សម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្មនៅចិន។
លោក លីវ ហ៊ី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ ភាគីចិននឹងប្រកាន់ខ្ជាប់ ការជំរុញការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃក្រោមលក្ខខណ្ឌបើកទូលាយ ការប្រកាន់ខ្ជាប់នូវការប្រឆាំងនឹងការរារាំងផ្នែកបច្ចេកវិទ្យា និងការការពារនិយម ជាពិសេសខិតខំប្រឹងប្រែងការពារភាពសុចរិត នៃខ្សែសង្វាក់ឧស្សាហកម្មទាំងឡាយ។
ឧបនាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបត្តិការដោយកាន់ឥរិយាបថស្ងប់ស្ងាត់ និងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើនសង្គ្រាមពាណិជ្ជកម្ម ហើយចិនជឿជាក់ថា ការបង្កើនសង្គ្រាមពាណិជ្ជកម្ម គឺមិនអំណោយផលដល់ចិន និងអាម៉េរិកនោះទេ ហើយក៏មិនអំណោយផលដល់ប្រជាជនទូទាំងពិភពលោកផងដែរ៕ធ.ដ