ក្រសួងការពារជាតិតួកគីអះអាងថា ប្រទេសខ្លួនទទួលបានប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ថែមទៀតពីរុស្ស៊ី
អត្ថបទដោយ៖
Kien Sereyvuth
តួកគី៖ រដ្ឋមន្រ្តីការពារជាតិតួកគី លោក Hulusi Akar បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ទីក្រុងអង់ការ៉ា នឹងចាប់ផ្តើមទទួលយកប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ថែមទៀតពីរុស្ស៊ី នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។
សម្រាប់ការដឹកជញ្ជូនប្រព័ន្ធ S-400 បន្ថែមមកកាន់ប្រទេសតួកគីនេះ បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក អាចនឹងបន្តប្រព្រឹត្តទៅដល់ខែកញ្ញាខាងមុខ ខណៈការប្រគល់លើកមួយ រុស្ស៊ី បានប្រើប្រាស់យន្តហោះធំៗជាច្រើនគ្រឿង ដើម្បីធ្វើការដឹកបញ្ជូនជាបន្តបន្ទាប់មកកាន់តួកគី។
ទាក់ទិននឹងរឿងនេះដែរ សហរដ្ឋអាម៉េរិក បានសម្រេចដកតួកគីចេញពីកម្មវិធី នៃភាពជាដៃគូអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 និងប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត។ ដោយសារតែការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់ខ្លួន៕ធ.ដ