អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ដើម្បីប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គសិរី ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកពញាឮ ដែលបានបង្ហាញឱ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលកើតចេញពីមូលដ្ឋានគ្រឹះដ៏សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ថ្ងៃនេះ យើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ មានស្ថេរភា ព នយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ដើម្បីប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិជាដើម ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner