នៅសល់៨៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ខណៈកម្ពុជានៅសល់រយៈពេល៨៧ថ្ងៃទៀតដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២, កីឡាករប្រដាល់គុនខ្មែរមួយចំនួន ត្រូវគេរាយការណ៍អំពីជោគជ័យលើការប្រកួតដែលរំពឹងថានឹងអាចដណ្តើមយកមេដាយខ្លះក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់។
កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវបានបណ្តាញសង្គមខ្មែរក្នុងស្រុករំពឹងថានឹងជួយលើកតម្កើងកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមដែលនឹងមកដល់ក្នុងខែឧសភាឆ្នាំ២០២៣។
កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវគេរាយការណ៍ថាបានផ្តួលកីឡាករថៃល្បីៗជាច្រើន ក្នុងការប្រកួតលើសង្វៀន Thai Fight ក្នុងប្រទេសថៃកន្លងមកនេះ…និងកីឡាករទាំង២កំពុង ត្រូវបានបណ្តាញសង្គមក្នុងស្រុកលើកទឹកចិត្តជាខ្លាំង គ្រាដែលការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៃការទន្ទឹងរង់ចាំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ទើបបានកន្លងផុត១៣ថ្ងៃរួចមកនេះ។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០ របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។