តួលេខភ្ញៀវទេសចរបរទេសកើនឡើង (Video Inside)

តួលេខភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ប៉ុន្តែមិនទាន់បានពេញបន្ទុកដូចនៅឆ្នាំ ២០១៩ ដែលកម្ពុជាមិនទាន់ប្រឈមនឹងវិបត្តិកូវីដ១៩នោះឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងនៅថ្ងៃនេះថាគិតក្នុងមួយខែមករាកន្លងមកនេះ កម្ពុជាទទួលទេសចរអន្តរជាតិ បាន៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចិនមាន២ម៉ឺន៥ពាន់នាក់។ តួលេខនេះ បើប្រៀប ធៀបនឹងឆ្នាំ ២០២២នេះ គឺមានការកើនឡើង៧៩៤%, ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅមិនទាន់បានស្មើនៅឡើយទេ។ តួលេខ៤០ម៉ឺននាក់ក្នុងមួយខែមករានេះ គឺថយចុះ ៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤ម៉ឺននាក់, មកតាមផ្លូវគោកប្រមាណ២៥ម៉ឺន៥ពាន់នាក់ និងតាមផ្លូវទឹកមាន៥ពាន់នាក់ និងបើគិតជាមធ្យមក្នុងមួយថ្ងៃ គឺតួលេខទេសចរណ៍អន្តរជាតិ ដែលកម្ពុជាទទួលបាននាពេលនេះ គឺប្រមាណពី១ម៉ឺន២ពាន់នាក់ទៅ១ម៉ឺន៣ពាន់នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានរំពឹងថាតួលេខភ្ញៀវទេសចរបរទេស នឹងបន្តកើនឡើងថែមទៀត ក្នុងពេលដែលនឹងមានជើងហោះហើរពីប្រទេសចិនជាពិសេសពីគួនមីង និងសៀងហៃ មកសៀមរាបដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦កុម្ភៈឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថ្មីៗនេះរំពឹងថា តួលេខភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៣នឹងមានរវាងពី ៣ លាន ៤លាននាក់សាឡើងវិញ ខណៈក្នុងឆ្នាំ២០២២កន្លងមកនេះ តួលេខភ្ញៀវទេសចររបស់កម្ពុជា ដែលមិនទាន់គិតពីលំហូរសាឡើងវិញ នៃទេសចរណ៍ចិននោះ មានចំនួនដល់២លាន ២៧ម៉ឺន៦ពាន់៦២៦នាក់រួចទៅហើយ។

ads banner