ឯកអគ្គរាជទូតថ្មីជប៉ុនប្តេជ្ញាកាន់តែពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន (Video Inside)

ឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុន បានប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត ដែលការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣។

លោក អ៊ូអេ ណូ អាត់ស៊ូស្ហ៊ី Ueno Atsushi បានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគ និងទេសចរណ៍មកកាន់កម្ពុជា, ជួយគាំទ្រកម្ពុជាលើការរៀបចំដំណើរការកីឡាស៊ីហ្គេម, ការបោះឆ្នោតសកលរបស់កម្ពុជានាខែកក្កដា ខាងមុខនេះ, ជួយលើការងារដោះមីន, ជួយលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូន ចំពោះលោក អ៊ូអេណូ អាត់ស៊ូស្ហ៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងសម្តេចបានថ្លែងយល់ស្របជាមួយការលើកឡើងរបស់លោក អាត់ស៊ូស្ហ៊ី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានថ្លែងថាជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។

ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចបានសុំឱ្យឯកអគ្គរាជទូត ជួយជំរុញ កំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕

ads banner