របាយការណ៍៖ អាស៊ីប៉ាស៊ីហ្វិកអាចចំណេញប្រាក់ ៤៧ទ្រីលានដុល្លារ ពីសកម្មភាពលើបញ្ហាអាកាសធាតុ
ការនាំមុខលើសកម្មភាពអាកាសធាតុ គឺជាឱកាសទទួលបានប្រាក់ ៤៧ ទ្រីលានដុល្លារ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមរបាយការណ៍។
របាយការណ៍ថ្មីមួយពីក្រុមហ៊ុនសវនកម្មសកល ដេ ឡូយ (Deloitte) ប៉ាន់ប្រមាណថា ទឹកប្រាក់ ៤៧ ទ្រីលានដុល្លារ អាចត្រូវបានបន្ថែមទៅក្នុងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០៧០ ប្រសិនបើតំបន់នេះធ្វើសកម្មភាពលើការប្រែប្រួលអាកាសធាតុ។
ផ្ទុយទៅវិញ ការចំណាយលើការមិនធ្វើអ្វីសោះ នឹងមានការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច ដែលធ្វើឲ្យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ខាតបង់ ៩៦ ពាន់ពាន់លានដុល្លារ។ របាយការណ៍ពីវិទ្យាស្ថានសេដ្ឋកិច្ច នៃក្រុមហ៊ុន ដេ ឡូយ (Deloitte) គឺផ្អែកលើការស្រាវជ្រាវ និងការវិភាគផ្តាច់មុខដែលបានរកឃើញថា អាស៊ីប៉ាស៊ីហ្វិកមានអត្ថប្រយោជន៍ច្រើនបំផុតក្នុងការទទួលបានសេដ្ឋកិច្ចពីការចាត់វិធានការ ឥឡូវនេះ ដើម្បីផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចកាបូនទាប។
ដោយមើលឃើញពីចំណែកដ៏ធំរបស់អាស៊ីប៉ាស៊ីហ្វិកនៃចំនួនប្រជាជនពិភពលោក និងការបំភាយឧស្ម័ន ភាពងាយរងគ្រោះនៃអាកាសធាតុ និងភាពខ្លាំងខាងបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ការស្រាវជ្រាវរបស់ Deloitte បង្ហាញថា ការប្រយុទ្ធជាសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនឹងត្រូវឈ្នះ ឬចាញ់ គឺស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍នេះបានប៉ាន់ប្រមាណថា ៧៥% នៃ GDP របស់អាស៊ីប៉ាស៊ីហ្វិកនឹងត្រូវបានប៉ះពាល់យ៉ាងខ្លាំងចំពោះការរំខាន ជាមួយនឹង ៥០% នៃកម្លាំងពលកម្មរបស់ពិភពលោកដែលកំពុងរស់នៅ និងធ្វើការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត