សម្ដេចក្រឡាហោម ស ខេង ៖រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រកួតកីឡានេះ ទទួលបានជោគជ័យ។
ការណែនាំនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវិត្តិសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា និងក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជា ចូលជាសមាជិកសមាគម នៃបណ្ដាប្រទេសអាស៊ីប៉ែកអាគ្នេយ៍។
សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ក៏បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោកឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរ និងអ្នកវិនិយោគ ចេញ-ចូល ច្រើន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បន្ថែមថា គោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកកាន់កម្ពុជា។
ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានធ្វើរបាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ថា ត្រូវធានាដាច់ខាតនូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៥,៧០០នាក់ ស្មើនឹង ១៥អង្គភាព ព្រមទាំងកងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផងដែរ។
ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានធ្វើរបាយការណ៍សង្ខេបស្តីអំពីចំណុចសំខាន់ៗ ទាក់ទងទៅនឹងការដឹកនាំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រារព្ធទៅដោយរលូន។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង