ខែមករា៖ ការនាំចេញអង្ករកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបមានការកើន ឡើងចំនួន៤២ភាគរយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦ ៩០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣ លានដុល្លារ អាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ ដែលក្នុងនោះ ទៅ កាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសស្មើនឹង ៤៨ ភាគរយ នៃការនាំចេញសរុប។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ សហព័ន្ធស្រូវអង្គកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ទៀថា គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៣. ៤៤ លានដុល្លារ ខណៈ ប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជា ចំនួន ៤១ភាគរយដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹក ប្រាក់ចំនួន ១១.៧៧ លានដុល្លារ, ប្រទេសអាស៊ានចំនួនពីរ មាន ប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១.០៩ លានដុល្លារ និងគោលដៅផ្សេងៗ ចំនួនប្រាំពីរ រួមមាន ប្រទេស ហ្គាបុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូវែលសេឡង់ រុស្សី និង អារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ២.៥៣ លានដុល្លារ។

ប្រភពដដែលបន្តថា ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិតពីរសប្តាហ៍នៅប្រទេសចិន ធ្វើឱ្យមានការ យឺតយ៉ាវក្នុងនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន និងធ្វើឱ្យការនាំ ចេញសរុបមានការថយចុះផងដែរ។ ចំពោះប្រភេទអង្ករនាំចេញ កម្ពុជា បានធ្វើការនាំចេញអង្ករក្រអូបប្រណិត “ម្លិះអង្គរ” ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំ ចេញអង្ករ និងស្រូវ ចំនួន ៩២ លានដុល្លារ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ កម្ពុជាថ្លែងថា ការ នាំអង្ករចេញទៅប្រទេសសហគមន៍អឺរ៉ុប មានការកើនឡើងដោយ សារ ការរួចពន្ធពីឆ្នាំ ២០២២ គួបផ្សំនឹងគុណភាពអង្ករបស់កម្ពុជា ពិសេស គឺតម្រូវការមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប និងតម្លៃក៏ សមរម្យ ថែមទៀត។
លោកបន្តថា ចំពោះតម្លៃវិញ គឺមិនអាចបរិយាយបាននោះទេ បើធៀបនឹង ការនាំចេញទៅកាន់បណ្តាប្រទេសផ្សេង ដូចជាប្រទេសចិនជាដើម ព្រោះ វាពាក់ព័ន្ធនឹងប្រភេទអង្ករ និងការដឹកជញ្ជូន ។ បច្ចុប្បន្ន សម្រាប់អង្ករកម្ពុជា គឺមានស្ថានភាពល្អ និងអាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជិតខាង និងតំងបន់បាន។

លោករំពឹងថា ចាប់ពីឆ្នាំនេះតទៅ នឹងធ្វើឱ្យទីផ្សារអង្ករកម្ពុជា សម្រាប់នាំ ចេញ ទៅកាន់ទីផ្សារក្រៅប្រទេស និងតំបន់សហគមន៍អឺរ៉ុបនឹងបន្តមាន តម្រូវការ និងដំណើការល្អប្រសើរ ក្នុងករណីដែលមិនមានវិបត្តិណា មួយ កើតឡើង៕
ដោយ៖យុទ្ធ វីរៈ

ads banner