លួចម៉ូតូពីខេត្តព្រៃវែង មកសម្ងំប្រើប្រាស់គ្រឿងញៀន នៅភ្នំពេញ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ស្រុកព្រះស្តេច ចាត់ការបន្ត
ភ្នំពេញ ៖ អធិការនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីលួចម៉ូតូ ប្រគល់អោយទៅសមត្ថកិច្ច ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាត់ការបន្ត។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចផ្លូវបេតុង ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយជនសង្ស័យ ក៏ជាអ្នកប្រើប្រាស់គ្រឿងញៀន ព្រោះពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានគ្រឿងញៀនចំនួន ១កញ្ចប់តូច។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះប៉ុល សាវ៉ាត អាយុ២១ឆ្នាំ មុខរបរគ្មាន ផ្ទះនៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះអឿន អ៊ឹម ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទ្រាលឃុំស្វាយរលំ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរបុគ្គលិកអគ្គីសនី។
លោក ហ៊ាង ថារ៉េត បន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូត ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JT7871។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ធ្វើការស្រាវជ្រាវបានដឹងថា ជនសង្ស័យពិតជាបានធ្វើសកម្មភាព លួចម៉ួតូពីភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សមត្ថកិច្ច បានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅនគរបាលខេត្តព្រៃវែងដើម្បីអនុវត្តនិតិវិធីបន្ត៕ ដោយ ស៊ូ ប៊ុនធី