កម្ពុជាត្រៀមសម្ពោធមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា (Video Inside)
មន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាវេលាខាងមុខក្នុងឆ្នាំ២០២៣នេះហើយ ដើម្បីការជួយបំរើសេវាជូនប្រជាពលរដ្ឋ។
មន្ទីរពេទ្យដែលបំរុងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងរង្វង់ចុងខែមិថុនា ឬដើមខែកក្កដាខាងមុខនេះ គឺជាមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលមានចំណុះគ្រែច្រើនរហូតដល់ចំនួន១ម៉ឺនគ្រែ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងប្រកាសចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិតេជោសន្តិភាពនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែង ប្រាប់បណ្តាញសារព័ត៌មានថាពិធីសម្ពោធ នឹងអញ្ជើញ ចូលរួមជាកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្តិ បានថ្លែងដែរថាបើទោះបីជាពិធីសម្ពោធនឹងត្រូវធ្វើនាប៉ុន្មានខែខាងមុខនោះក្តី ប៉ុន្តែការបំរើសេវាជូនប្រជាពលរដ្ឋនឹងត្រូវធ្វើជាបណ្តើរសិន។ លោកជំទាវបានថ្លែងថា អគារមួយដែលមានចំណុះ ១ពាន់៧២០គ្រែក្នុងមន្ទីរ ពេទ្យថ្មីនេះ នឹងត្រូវគេដាក់ទទួលអ្នកជម្ងឺចាប់ពីសប្តាហ៍ក្រោយនោះហើយ។
កម្ពុជាក្រោមការដឹកនាំក្នុងសម័យតេជោសែន, ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមាន សន្តិភាពអស់សង្គ្រាម, ជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យសុខាភិបាល, វិស័យសេដ្ឋកិច្ច, វិស័យកសិកម្ម, វិស័យឧស្សាហកម្ម ។ល។ និងការដឹកនាំក្នុងសម័យនេះត្រូវបានគេចាត់ទុកថាសម័យរុងរឿងបំផុតមិនធ្លាប់ជួបប្រទះក្នុងអតីតកាលនោះឡើយ។