តួលេខពាណិជ្ជកម្មកម្ពុជាជាមួយនឹងអឺរ៉ុប និងអាមេរិក កើនឡើងបើទោះគ្មានប្រព័ន្ធអនុគ្រោះ (Video Inside)
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុប និងជាមួយសហរដ្ឋអាមេរិក នៅតែបន្តមានតួលេខកើនឡើង បើទោះបីជាគ្មានប្រព័ន្ធអនុគ្រោះ EBA ១០០ភាគរយ និងGSP ក៏ដោយ ។
កម្ពុជាបានរងនឹងភាពអយុត្តិធម៌ដោយសារតែប្រទេសអ្នកមានអំណាច ចង់ប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីគាបសង្កត់នយោបាយការបរទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគេមិនអាចយកអធិបតេយ្យភាពជាតិ ដើម្បីធ្វើការដោះដូរជាមួយនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មបានឡើយ។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោករដ្ឋលេខាធិការ ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃនេះ ថាកំណើននាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង បើទោះបីជាមិនមាន ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបតែ២០ភាគរយ និងគ្មានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ក៏ដោយ។
លោកបានថ្លែងថាឆ្នាំ២០២២ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានជិត៩ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ៤០% នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា និងមានកំណើន១៩% បើធៀបនឹងឆ្នាំ២០២១។
លោក ប៉ែន សុវិជាតិ បានបន្តថា ចំណែកការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ។ ក្នុងទីផ្សារសហភាពអឺរ៉ុបនោះ កម្ពុជាបន្តនាំចូលសំលៀកបំពាក់ កង់ អង្ករ ស្បែកជើង សំភារៈធ្វើដំណើរ និងទំនិញផ្សេងៗទៀតជាច្រើន មានការកើនឡើងគួរឱ្យកត់សំគាល់។