ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ
ភ្នំពេញ៖ បន្ទាប់ពីជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ តំណាងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) នៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញជំហររបស់ខ្លួនក្នុងការសុំទោសរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ គិតត្រឹមម៉ោង៣:៣០នាទីរសៀលនេះ។
លោក អិត សុធឿត អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ VOD មិនធ្វើអត្ថាធិប្បាយទេ។ ចំណែកលោកស្រី ឆន សុគន្ធា នាយកស្តីទីវិទ្យុ VOD មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
យោងតាមសេចក្តីជូនដំណឹងរបស់ VOD បានឲ្យដឹងថា ក្រោយពីមានប្រតិកម្មពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអត្ថបទដែល វីអូឌី បានចុះផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ និងឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបតំណាងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដើម្បីបកស្រាយពាក់ពន្ធ័ការផ្សាយព័ត៌មានមិនពិតពីវិទ្យុ VOD មកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលថាឯកឧត្តមបណ្ឌិត ចុះហត្ថលេខាលើឯកសារផ្តល់ថវិកាសប្បុរសធម៌ចំនួន ១០០ ០០០ដុល្លារអាមេរិក ដល់ប្រទេសតួកគី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ដោយ៖ពលជ័យ











