មេចារកម្ម័នរវេសថា សង្រ្គាមនៅអ៊ុយក្រែន គឺជា “មហន្តរាយសម្រាប់រុស្ស៊ី”
អូស្លូ៖ រុស្ស៊ីត្រូវបានគេរំពឹងថា នឹងក្លាយជារដ្ឋផ្តាច់ការ ហើយមានកម្លាំងយោធាកាន់តែច្រើនក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសន័រវេសបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយលើកហេតុផលថា សង្រ្គាមនៅអ៊ុយក្រែន គឺជា “មហន្តរាយ” សម្រាប់រុស្ស៊ី។
“មិនមានការដើរថយក្រោយទេសម្រាប់រុស្ស៊ី” ដែលនេះជាការអះអាងរបស់លោក Lars Nordrum ជាមេបញ្ជាការដឹកនាំទីពីរ នៃទីភ្នាក់ងារចារកម្មន័រវេស បង្ហាញពីការវាយតម្លៃហានិភ័យប្រចាំឆ្នាំសម្រាប់ប្រទេសន័រវែស ដែលជារដ្ឋសមាជិកណាតូដែលមានព្រំដែនជាមួយរុស្ស៊ី។
លោក Lars Nordrum បានបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋរុស្ស៊ីនឹងកាន់តែផ្តាច់ការ ក៏ដូចជាបង្កើនកម្លាំងយោធាកាន់តែច្រើន ដោយសំដៅលើរបៀបនៃការឃោសនាត្រូវបានប្រើប្រាស់ ដើម្បីរៀបចំមតិសាធារណៈ និងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងមូស្គូ ជាមួយរបបផ្តាច់ការដទៃទៀត។ លោកថា ផលប្រយោជន៍របស់រុស្ស៊ី នឹងមិនត្រូវគ្នាជាមួយផលប្រយោជន៍របស់លោកខាងលិចទេ។
លោក Nordrum បាននិយាយដោយលើកឡើងពីឥទ្ធិពលនៃទណ្ឌកម្មពាណិជ្ជកម្មរបស់លោកខាងលិច, ភាពឯកោអន្តរជាតិរបស់ទីក្រុងមូស្គូ និង ទាហានរុស្ស៊ីជាង១០០,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសថា សង្រ្គាម គឺជា “មហន្តរាយសម្រាប់ប្រទេសរុស្ស៊ី”។ លោកថា ជម្លោះនេះបានបង្កើនសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយរបស់ប្រទេសន័រវេសមិនតិចទេ ព្រោះវាបានធ្វើឱ្យខ្លួនក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នឈានមុខគេដល់ទ្វីបអឺរ៉ុប។
គួរបញ្ជាក់ថា ការវាយតម្លៃហានិភ័យប្រចាំឆ្នាំ ដែលធ្វើឡើងជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក៏បានបញ្ចប់ដូចដែលខ្លួនបានធ្វើពីមុនផងដែរថា រុស្ស៊ី និងចិន គឺជាការគំរាមកំហែងចម្បងចំពោះសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសន័រវេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

