៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៣៨ នាក់ (Video Inside)
សឹង្ហបុរី ដែលតែងជាប្រទេសមានតួលេខឆ្លងកូវីដ១៩ច្រើនជាងគេប្រចាំថ្ងៃនោះ មិនមានសេចក្តីរាយការណ៍ពីតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន ៨៦៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានចំនួនតែ ៤៣៨ករណីប៉ុណ្ណោះ ដែលលេខឆ្លងតិចជាងគេបំផុត បើធៀបនឹងរយៈពេលតាំងដើមឆ្នាំ២០២៣នេះមក ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេស ចំនួន៦នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងប្រទេសឡាវ ។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសឥណ្ឌូនេស៊ី មានតួលេខឆ្លងច្រើន ជាងគេ ដែលមានចំនួន ១៦៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, ថៃ, កម្ពុជា, សឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៩នាក់ ដែលជាតួលេខស្លាប់ ច្រើនជាងគេ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន៥៩ម៉ឺន ១ពាន់ ១៩១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ១០៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៧លានករណី, និងការស្លាប់មានជាង ៦លាន ៧៨ម៉ឺននាក់ ៕