លោក ដូណាល់ ត្រាំ ប្រកាសពីគម្រោងដំឡើងពន្ធលើផលិតផលចិនមានតម្លៃជាង៥៥០ពាន់លានដុល្លារ ក្រោយចិនប្រកាសតំឡើងពន្ធលើទំនិញសហរដ្ឋអាមេ៉រិក

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃសុក្រនេះថា ប្រទេសលោកនឹងដំឡើងពន្ធពី២៥ភាគរយដល់៣០ភាគរយលើទំនិញចិនមានតម្លៃ២៥០ពាន់លានដុល្លារ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខ ។

ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា សហរដ្ឋអាមេ៉រិកក៏មានគម្រោងដំឡើងពន្ធពី១០ ដល់១៥ភាគរយផងដែរ លើផលិតផលនាំចូលពីចិនមានតម្លៃ៣០០ពាន់លានដុល្លារ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីចិនប្រកាសថា នឹងដំឡើងពន្ធបន្ថែមលើទំនិញរបស់អាមេ៉រិក មានតម្លៃប្រមាណ៧៥ពាន់លានដុល្លារ ដោយផលិតផលអាមេរិកថ្មីសរុប៥.០៧៨មុខនឹងត្រូវដំឡើងពន្ធបន្ថែម ។ ការដំឡើងពន្ធនេះដែរ នឹងត្រូវអនុវត្តជា០២កញ្ចប់ដាច់ដោយឡែកពីគ្នា ។

សម្រាប់មុខទំនិញអាមេ៉រិកដែលស្ថិតក្នុងកញ្ចប់ទីមួយ នឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ក្នុងអត្រា១០ភាគរយ ខណៈការដំឡើងពន្ធលើទំនិញអាមេ៉រិក ដែលស្ថិតក្នុងកញ្ចប់ទីពីរ នឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ក្នុងអត្រា០៥ភាគរយ ។ ជាមួយគ្នានេះ ចិនក៏បានសម្រេចបន្តឡើងវិញនូវគម្រោងដំឡើងពន្ធ២៥ភាគរយលើរថយន្តអាមេ៉រិក និង០៥ភាគរយលើគ្រឿងបន្លាស់នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner