ព្រឹទ្ធសភាប្រជុំវិសាមញ្ញ នីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងចំនួនពីរនៅថ្ងៃទី២០ ខែកុម្ភៈ
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រជុំជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០២៣ខាងមុខនេះ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

ការកំណត់ថ្ងៃទី២០ ខែកុម្ភៈ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក ៦៥មាត្រា។

សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី កសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សេចក្តីព្រាងច្បាប់ នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនិងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គ
ពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវ ឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន ជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានមនុស្ស ផ្លូវ ភ្លើង និងទឹក៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

