ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ ការរក្សាលំហរបៃតង ការផ្តល់សេវាគ្រប់គ្រងសំណល់ ការគិតគូរទៅលើលំហូរចរាចរណ៍ ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់ ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត



