ថ្ងៃទី២៣ កុម្ភៈ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ រឿង គ.ជ.ប ប្តឹង

ភ្នំពេញ៖ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងពីបទបរិយាកេរ្តិ៍ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់មូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈដោយបានចោទប្រកាន់ស្ថាប័ន គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។

លើសំណុំរឿងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា គឺតុលាការបានផ្តន្ទាទោសលោកសុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល និងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣០០០លានរៀល។ ចំណែកសំណុំរឿងបណ្តឹងរបស់ គ.ជ.ប បានពិន័យ៩លានរៀល បង់ចូលថវិកាជាតិ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាស សាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទរួមមានៈ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីលំនៅរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់នៃរាជធានី-ខេត្ត និងនៅបញ្ឈរព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោស នៅក្នុងសារព័ត៌មានសរសេររយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ជនជាប់ចោទ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនោគមន៍ សោតទស្សន៍ រយៈពេល៨ ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។ បង្គាប់ឲ្យឈ្មោះ សុន ឆ័យ សងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន៩លានរៀល បង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ លើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទនៅសាលាសង្កាត់ នៃលំនៅរបស់ដ្ឋានរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ សង្កាត់ រាជធានី ខេត្ត និងនៅបញ្ឈរព័ត៌មានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះ នៅក្នុងសារព័ត៌មានសរសេរនៅតាមគ្រប់មធ្យោបាយ ទូរគមនាគមន៍ សោតទស្សន៍សម្រាប់រយៈពេល៨ថ្ងៃ ដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។ ការប្រកាសសាលក្រមនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ពលជ័យ

ads banner