កម្ពុជា កំណត់តម្លៃធ្វើតេស្តកូវីដ១៩ ក្នុងតម្លៃ ៥០ដុល្លារសម្រាប់ចេញ ទៅក្រៅប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការ អន្តរ ក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម ម៉ម ប៊ុនហេង បាន សម្រេចកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់ លទ្ធផល តេស្តកូវីដ១៩ក្នុងតម្លៃ៥០ដុល្លារជូនអ្នកដំណើរទាំងជនជាតិខ្មែរ និងជនបរទេសដែលមានតម្រូរការចាំបាច់ សម្រាប់ធ្វើដំណើរចេញ ពីប្រទេសកម្ពុជា។នេះបើតាមលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបានជម្រាបជូនទៅកាន់លោក លោកស្រីទទួលបន្ទុកមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យចេញចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស។ក្នុងលិខិតណែនាំ បានបញ្ជាក់ថា ការកំណត់តម្លៃ នេះ មាន សុពល ភាពចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះតទៅ។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជាពុំតម្រូវឱ្យធ្វើតេស្តម៉ាស៊ីនធំ (PCR) លើអ្នកដំណើរដែលចូលប្រទេសកម្ពុជាទេ លើកលែងតែប្រទេស ដែល តម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាធ្វើតេស្តតែប៉ុណ្ណោះ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិត ត្រឹម ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៧ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៩ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧២ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,២៦ភាគរយធៀប ជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និង លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៦៥ភាគរយ ធៀបជាមួយនឹង ប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំពោះលទ្ធផលចាក់វ៉ាក់សាំងធៀប នឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៤ភាគរយ៕
ដោយ៖ឡាយ សាមាន

ads banner