ម្ចាស់ជ័យលាភី គំនូរ Logo និង Mascot នឹងក្លាយជា ទូតសុច្ឆន្ទៈ SEA Games២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ម្ចាស់ជ័យលាភី គំនូរស្លាកសញ្ញា Logo និង Mascot នឹងក្លាយជាទូតសុច្ឆន្ទៈ ប្រចាំព្រឹត្តការណ៍ SEA Games២០២៣ នៅកម្ពុជា រួមទាំងប្រាក់រង្វាន់ច្រើនពាន់ដុល្លារ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើក ទី៣២ ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រលងប្រណាំងជ្រើសរើសគំនូរ «Logo» និង «Mascot» ស៊ីហ្គេម ឆ្នាំ២០២៣ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ការប្រកួតប្រជែងនេះ គឺបើកទូលាយ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ឆ្នាំឡើង មានឱកាសបង្ហាញសមត្ថភាព និងស្នាដៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុង ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ។ ឯកឧត្តម បន្ដថា «អ្នកឈ្នះជ័យលាភី នឹងត្រូវបានជ្រើសរើសដោយ CAMSOC ផ្ដល់មហាកិត្តិយស ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រថា គាត់គឺជាអ្នកគូរ Logo ឬ Mascot SEA Games-2023 ព្រមទាំងក្លាយទៅជាទូតសុច្ឆន្ទៈមួយរូប របស់ស៊ីហ្គេម នាឆ្នាំ២០២៣ និងក្លាយជាភ្ញៀវពិសេស ត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំ នៅតាមសាលាផ្សេងៗ… ជាមួយនឹងប្រាក់រង្វាន់រាប់ពាន់ដុល្លារផងដែរ»។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ចំពោះ Logo មិនត្រូវបានកំណត់ឲ្យធ្វើបែបណាឡើយ សំខាន់ត្រូវមានលក្ខណៈសិល្បៈអាចទទួលយកបានក្នុងគំនូររបស់បេក្ខជន ពិសេសត្រូវមានការស្រាវជ្រាវ និងបញ្ចូលនូវស្លាកសញ្ញាជាគំរូ នៃការប្រកួតកីឡាស៊ីហ្គេមមុនៗ ។ ឯរូបនិមិត្តរូប Mascotត្រូវបានសម្រេចយករូប «សុភាទន្សាយ» ជាសត្វតំណាង តែត្រូវប្រាកដជាសត្វទន្សាយ ដែលមានចរិតលក្ខណៈបែបខ្មែរ និងក្នុងរឿងព្រេងខ្មែរជាដើម ។

ដូច្នេះ យើងប្រើរូបសត្វទន្សាយ ជាសត្វតំណាងស៊ីហ្គេម ។ ឯកឧត្តម បញ្ជាក់ថា ដោយគោរពតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើយ៉ាងណាឲ្យស៊ីហ្គេម នៅកម្ពុជា មានយុត្តិធម៌ ថ្លៃថ្នូរ និងកិត្តិយសក៏ដូចជាការជំរុញរបស់ថ្នាក់ដឹកនាំ CAMSOC ទើបកម្ពុជាសម្រេចប្រើរូបសត្វទន្សាយ ដែលជាសត្វតំណាងឲ្យតួអង្គយុត្តិធម៌ សភាវៈល្អ និងត្រឹមត្រូវ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវ និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសិស្ស-និស្សិត ដែលមានសមត្ថភាព និងទេពកោសល្យ ផ្នែកគូគំនូរ រួសរាន់ដាក់ពាក្យប្រឡងប្រណាំងឲ្យបានច្រើន ខណៈការប្រឡងបើកទូលាយ មិនគិតជាអ្នកគូរអាជីព ឬមិនអាជីពឡើយ ពោលគឺ CAMSOC ចាប់ផ្ដើមទទួលពីឥលូវរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋាន CAMSOC នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ចំពោះលទ្ធផលគ្រោងនឹងប្រកាស ក្នុងរយៈពេលខ្លី ដើម្បីចម្រាញ់យក Logo និង Mascot ទទួលបានជយលាភី ធ្វើការផ្សព្វផ្សាយ ក្នុងឆ្នាំ២០២០ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner