ជប៉ុនថា កូរ៉េខាងជើងទំនងជាបាញ់មីស៊ីលផ្លោង ចូលតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន
តូក្យូ៖ កាំជ្រួចផ្លោងរបស់កូរ៉េខាងជើងទំនងជាបានធ្លាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស (EEZ) របស់ជប៉ុន នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida)។
រាជរដ្ឋាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា កាំជ្រួចផ្លោងកូរ៉េខាងជើងមួយ ដែលត្រូវបានគេជឿថា បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស (EEZ) របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៨ កុម្ភៈ គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប។
ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើង “បានបាញ់កាំជ្រួចប្រភេទ ICBM មួយគ្រាប់ ឆ្ពោះទៅទិសខាងកើត។ វាបានហោះប្រហែល ៦៦ នាទី” ។
លោកបាននិយាយថា កាំជ្រួចនេះបានហោះក្នុងចម្ងាយប៉ាន់ស្មាន ៩០០ គីឡូម៉ែត្រ (៥៦០ ម៉ាយ) ឈានដល់កម្ពស់អតិបរមា ៥៧០០ គីឡូម៉ែត្រ ហើយត្រូវបានគេជឿថា បានចុះចតនៅម៉ោង ៦៖២៧ ល្ងាច ថ្ងៃសៅរ៍ សប្តាហ៍នេះ។
លោក ម៉ាត់ស៊ូណូ បានឆ្លើយតបថា “បាទ” នៅពេលសួរថាតើមីស៊ីលនេះអាចមានគន្លងខ្ពស់ឬយ៉ាងណា ហើយបាននិយាយថា ថាតើវាប្រើប្រាស់ឥន្ធនៈរឹងឬអត់ ដែលនឹងត្រូវធ្វើការវិភាគដែរឬទេ។
លោក ម៉ាត់ស៊ូណូ បានបន្ថែមថា “សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើងនេះ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយពិតជាមិនអាចលើកលែងទោសបាន”។
លោក ម៉ាត់ស៊ូណូ បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានដាក់ការតវ៉ាតាមរយៈ “បណ្តាញការទូត…រាជរដ្ឋាភិបាលនឹងឆ្លើយតប ដោយការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ដែលកំពុងបន្ត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។
លោក នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា លោកបាន “ណែនាំ (មន្ត្រី) ឱ្យផ្តល់ព័ត៌មានដល់សាធារណជន និងពិនិត្យឱ្យបានហ្មត់ចត់អំពីស្ថានភាពសុវត្ថិភាព”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

