នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានសមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ហើយនៅឆ្នាំ២០២៥ ត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញ មួយ”

អត្ថបទដោយ៖
Kien Sereyvuth

នេះជាការបញ្ជាក់របស់ ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ‹ការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម៤.០ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក  Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតសាធារណៈរដ្ឋ ប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោក  HUANG Changxiong ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន ។

ឯកឧត្តម ហោ មុនីរ័ត្ន បានបញ្ជាក់ថា វគ្គនេះ គឺជាសង្ខីភាពបង្ហាញអំពីភាពស្អិតល្មួត នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជាតាមរយៈការបង្កើនសមត្ថភាពជំនាញបច្ចេកវិទ្យាថ្មីៗដល់មន្ត្រី និងបុគ្គលិកកម្ពុជា ។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានកោតសរសើរដល់សិក្ខាកាមដែលជាមន្ត្រី និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមវគ្គបណ្តុះបណ្តាលនេះ និងខិតខំក្រេបយកចំណេះដឹងថ្មីៗ ទៅលើប្រធានបទសំខាន់ៗដូចជា៖ ១-ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យា Digital ក្នុងការបង្កើតអាជីវកម្ម OnlineE-Commerce, ២-របៀបនៃការសិក្សា និងវិភាគទីផ្សារជំរុញការផ្សព្វផ្សាយផលិតផល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដោយប្រើបច្ចេកវិទ្យាឌីជីថល (Digital Marketing and Big Data), ៣-ការកែទម្រង់នៃការធ្វើធុរៈកិច្ចពី Offline to Online ដែលកំពុងមាននិន្នាកាកើនឡើង ដូចករណី Online Travel Agent (OTA), ៤-ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើបច្ចេកវិទ្យា Internet of Things, VR and AR, GPS Technology និង៥-ការស្វែងយល់ពីអនាគត នៃវិស័យទេសចរណ៍តាមរយៈការវិវត្តនៃឧស្សាហកម្ម ៤.០ ជាដើម ។ 

ទាំងនេះ សុទ្ធតែជាបច្ចេកវិទ្យាថ្មីៗ ដែលពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានក្លាយទៅជាកត្តាចំបង ចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ប្រកបដោយការប្រកួតប្រជែងខ្ពស់។
ស្របតាមចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព ហើយនៅឆ្នាំ២០២៥ ត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញ មួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព ។

រដ្ឋលេខាធិការ រូបនេះ ក៏បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាបាននាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤,៣៧៥លានដុល្លារ ស្មើនឹង ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។ ឯកឧត្តម ក៏បានលើកឡើងពីសារសំខាន់នៃទីផ្សារចិន ដែលចាំបាច់ត្រូវបំពេញតាមតម្រូវការដ៏ធំធេង នៃផ្នែកផ្សព្វផ្សាយទីផ្សារ រចនាសម្ពន្ធ និងធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងវិស័យទេសចរណ៍៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner