គ.ជ.ប ប្រកាសការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៩.៧១០.៦៥៥ នាក់។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២នេះ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍អំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលក្នុងនោះមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជីទាំងពីរនោះ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការពិនិត្យផ្ទៀងផ្ទាត់ និងការកែតម្រូវទិន្នន័យឡើងវិញក្រោយបញ្ចប់ការដោះស្រាយពាក្យបណ្តឹង។

ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានជម្រាបជូនអំពីចំនួនឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតថ្មី អ្នកផ្ទេរទីលំនៅ អ្នកកែតម្រូវឈ្មោះ និងទិន្នន័យ ចំនួនការិយាល័យបោះឆ្នោត ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២២ និងចំនួនស្ត្រីក្នុងបញ្ជីបោះឆ្នោតដំបូង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុ ស្លាប់ ដកសិទ្ធិបោះឆ្នោត ជាបណ្តោះអាសន្ន អ្នកផ្លាស់ប្តូរទីលំនៅចេញពីឃុំ សង្កាត់ មានឈ្មោះស្ទួន ឬ/និងខ្វះលក្ខខណ្ឌច្បាប់ គ.ជ.ប បានលុបឈ្មោះសរុបចំនួន ២៧១.១៤២ នាក់។

ចំពោះការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជីទាំងពីរនោះ ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍បន្ថែមថា នៅតាមឃុំ សង្កាត់នីមួយៗទូទាំងប្រទេស បញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់បិទផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយក៏បានបង្ហោះនៅលើគេហទំព័រ គ.ជ.ប និង ដាក់ឱ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះខ្លួនតាមទូរសព្ទដៃផងដែរ ដោយប្រើ Application ដែលមានឈ្មោះ NEC KH។

ចំពោះការដោះស្រាយពាក្យបណ្តឹង ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍ថា ក្រុមប្រឹក្សា ឃុំ សង្កាត់បានទទួលពាក្យបណ្តឹងសរុបចំនួន៩១បណ្តឹង ដែលមានពាក្យបណ្តឹងតវ៉ាចំនួន ៨៥បណ្តឹង និងពាក្យបណ្តឹងជំទាស់ចំនួន៦បណ្តឹង ហើយត្រូវបានដោះស្រាយចប់ជាស្ថាពរនៅត្រឹមថ្នាក់ក្រុមប្រឹ ក្សា ឃុំ សង្កាត់ ដោយពុំមានពាក្យបណ្តឹងបន្តមក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញទេ។

ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រូវបាន គ.ជ.ប ផ្តល់សុពលភាព និងប្រកាសផ្សាយជូនប្រជាពលរដ្ឋជាសាធារណៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវបញ្ជូនទៅឱ្យលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ចំនួន១ច្បាប់ (ជា PDF File)។ សាលាឃុំ សង្កាត់ ចំនួន ១ច្បាប់ ដើម្បីរក្សាទុកជាឯកសារផ្លូវការ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួ ន ២ច្បាប់ សម្រាប់បិទផ្សាយជាសាធារណៈ ១ច្បាប់នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ក្នុងអំឡុងពេល ៣០ថ្ងៃ មុនថ្ងៃ បោះឆ្នោត និងថែរក្សាទុករហូតដល់ថ្ងៃបោះឆ្នោត និង ១ច្បាប់ទៀត សម្រាប់ពិនិត្យបញ្ជាក់ការចេញ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ជូនអ្នកបោះឆ្នោត និង គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ចំនួន ២ច្បាប់ ក្នុងនោះ ១ច្បាប់ សម្រាប់បិទផ្សាយនៅមុខការិយាល័យបោះឆ្នោតនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និង១ច្បាប់ទៀត សម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាន បង្ហោះ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ នៅលើគេហទំព័រផ្លូវ ការ របស់ ខ្លួន ដែល មាន អាសយដ្ឋាន voterlist.nec.gov.kh ហើយព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចចូលទៅស្វែងរកឈ្មោះរបស់ខ្លួន តាម Application ដែលមានឈ្មោះ NEC KH ដោយប្រើទូរសព្ទដៃវៃឆ្លាតក៏បាន។ បញ្ជីបោះឆ្នោតនេះ ក៏នឹងត្រូវផលិតជាបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ មានចំនួន ៩.៧១០.៦៥៥ នាក់ ស្មើនឹង ៨៩,២៨% លើចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ក្នុងនោះស្រីមានចំនួន ៥,១៦១,៩០៩ នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ ការិយាល័យ។

ឯកឧត្តម ឯម សូផាត បានបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះបាន។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំបានវាយតម្លៃលើដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះថា បានប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់ សន្តិសុខល្អ និងសុំឱ្យពង្រឹងមន្ត្រីចុះឈ្មោះបោះឆ្នោតគោរពម៉ោងពេលបំពេញការងារចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏មានចម្ងល់អំពីហេតុផលដែលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ការគ្មានឈ្មោះស្ទួន ប្រសិនបើរកឃើញឈ្មោះជនបរទេសក្នុងបញ្ជីបោះឆ្នោត បញ្ហាប្រឈមក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner