ខេត្តកោះកុងត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន (Video Inside)

ខេត្តកោះកុង បានជូនដំណឹងការត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដែលគ្រោងនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកោះកុង ដែលបំរុងនឹងបើកដំណើរការប្រើប្រាស់នោះ មានឈ្មោះថាព្រលានយន្តហោះអន្តរជាតិតារាសាគរ។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ក្នុងសន្និសីទកាសែតនាទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការគ្រោងបើកហោះហើរព្រលានយន្តហោះក្នុងខេត្តកោះកុង ក្រោយការសាងសង់បានបញ្ចប់រួចរាល់កន្លងមកនេះ។

សំណង់ព្រលានយន្ដហោះតារាសាគរ ត្រូវគេរាយការណ៍ថាបានរៀបចំធ្វើទៅតាមដំណាក់កាល។ នៅដំណាក់កាលទី១ ដែលការសាងសង់បានធ្វើលើផ្ទៃដីជាង២១៨ហិកតា បានចំណាយថវិកាអស់ប្រមាណ៣៥០លានដុល្លារ។ អាកាសយានដ្ឋាននោះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺនឹងត្រូវរង់ចាំមើលកំណើនទេសចរណ៍ក្នុងរយៈកាលពី១០ទៅ១៥ឆ្នាំបន្ថែមទៀត ដើម្បីចង់ដឹងថាតើពេលនោះគេនឹងមានតម្រូវការប៉ុណ្ណា ដើម្បីពង្រីកសំណង់ព្រលានយន្តហោះដដែលនោះទៀត។

កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។

ads banner