ក្រសួងកិច្ចការនារីក្នុងឆ្នាំ២០២២ ជួយស្ត្រីខ្មែររងគ្រោះពីក្រៅប្រទេសវិលមកវិញជិត៤ពាន់នាក់ (Video Inside)
រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា គេបានជួយស្ត្រីខ្មែររងគ្រោះនៅក្រៅប្រទេសប្រមាណជិត៤ពាន់នាក់ ឱ្យបានវិលត្រឡប់មកកម្ពុជាកាលពីឆ្នាំ២០២២កន្លងមកនេះ។
ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីលោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផារី បានថ្លែងនៅថ្ងៃទី២១ កុម្ភៈ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដោយបញ្ជាក់ថាក្នុងចំណោមស្រ្តី៣ពាន់៦៩៣នាក់ នោះ រួមមាន ស្ត្រីរងអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ មាន២២៦នាក់។
លោកស្រីរដ្ឋមន្ត្រីនៅបានលើកឡើងកិច្ចប្រឹងប្រែងផ្ដល់កិច្ចអន្តរាគមន៍ដល់ពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេសបានជាច្រើនទៀត ក្នុងនោះចំនួនពលករ ពលការិនីខ្មែរ ដែលចេញទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងតាមរយៈរដ្ឋមានចំនួន ៣ម៉ឺន៣ពាន់៧៤២នាក់ ក្នុងនោះ ស្ត្រី មាន១ម៉ឺន៣ពាន់៥នាក់។
ក្នុងកិច្ចប្រជុំបូកសរុបដដែលនោះផងដែរ, រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថាក្រសួងកាលពីឆ្នាំទៅ នៅបានវិភាជន៍កញ្ចប់ថវិកាសរុប២ពាន់៦០០លានរៀលទៅគណៈមេធាវី ដើម្បីចំណាយលើគម្រោងការពារក្តីជនក្រីក្រតាមផ្លូវច្បាប់ និងទទួលការពារក្តីសរុប៦ពាន់ ១៥៦សំណុំរឿងថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជាដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេដែលទាបជាងគោលដៅដាក់ចេញ ៤៨ភាគរយ។