៤ថ្ងៃនេះ ប្រជាពលរដ្ឋងាយរងគ្រោះ ថ្លែងអំណរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយទទួលការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ដែលងាយរងគ្រោះបំផុត ចំនួន២១គ្រួសារ រស់នៅសង្កាត់ ចំនួន៤ មានសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចម្រេះទី១ សង្កាត់ច្រាំងចម្រេះទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីពួកគាត់បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងការដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ របស់សម្ដេច ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា រយៈពេល៤ថ្ងៃជាប់គ្នានេះ ពោលគឺកាលពីរសៀលថ្ងៃទី១៩-ហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្រីក្រចាស់ជរា ដែលងាយរងគ្រោះ រស់នៅសង្កាត់ស្វាយប៉ាក ចំនួន៥គ្រួសារ សង្កាត់ច្រាំងចម្រេះទី១, ៦គ្រួសារ សង្កាត់ច្រាំងចម្រេះទី២, ៥គ្រួសារ និងសង្កាត់គីឡូម៉ែត្រលេខ៦ ចំនួន៥គ្រួសារ សរុប២១គ្រួសារ បានទទួលការជួយសង្គ្រោះជាបន្តបន្ទាប់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្រោមការចាត់ចែងដោយលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅមុនពេលសម្រេចរៀបចំបញ្ជូនលោកស្រីមេ៥០ខ្នងម្នាក់ នៅសង្កាត់ច្រាំងចម្រេះទី២ ដែលមានជំងឺធ្លាក់ឈាមឲ្យទៅពិនិត្យព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងក្រោយពេលបញ្ចប់ការសួរសុខទុក្ខ និងឧបត្ថម្ភជូនភរិយាប្រធានយុវជន ស.ស.យ.ក សង្កាត់ច្រាំងចម្រេះទី១ ទើបសម្រាលបានកូនស្រីនៅគេហដ្ឋាន។

ចំពោះការងារមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ប្រជាពលរដ្ឋចាស់ជរាក្រីក្រ ដែលងាយរងគ្រោះបំផុតចំនួន២១គ្រួសារ សូមជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងបុត្រ និងចៅៗជាទីស្រឡាញ់ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner