ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេសបានបញ្ជាក់ថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្ដូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។ ប្រភពដដែលបានបញ្ជាក់ថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕
ដោយ៖ពលជ័យ

ads banner