អតីតបុគ្គលិកវិទ្យុ វីអូឌី លាតត្រដាងការពិតរបស់ វីអូឌី ក្នុងការសរសេរព័ត៌មានបំប៉ោង​រិះគន់រដ្ឋាភិបាល

ភ្នំពេញៈ អតីតបុគ្គលិកវិទ្យុ វីអូឌី (VOD) បានចេញមកលាតត្រដាងការពិតអំពីទង្វើដ៏ខ្មៅងងឹងរបស់ ក្រុមមេដឹកនាំ VOD ដែលគាំទ្រគណបក្សប្រឆាំង និងវ៉ៃប្រហារលើរដ្ឋាភិបាល បើទោះបីជារដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងណាក៏ដោយ។ អ្នកមិនដឹងមើលពីក្រៅឃើញថា VOD មានជំហរអព្យាក្រឹត្យ ឬឯករាជ្យ ប៉ុន្តែតាមការពិត គឺបណ្តុះគំនិតមើលឃើញតែពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល។

លោកឡាយ សាមាន អតីតបុគ្គលិកវិទ្យុ VOD បានថ្លែងក្នុងបទសម្ភាសមួយកាលពីថ្ងៃ ២១ ខែកុម្ភៈថា អំឡុងពេលដែលលោក​បម្រើការនៅវិទ្យុ វីអូឌី ចក្ខុវិស័យរបស់គេ​ផ្តល់ការគាំទ្រទៅគណបក្សប្រឆាំងនិងរិះគន់រដ្ឋាភិបាលបើទោះបីជា​រដ្ឋាភិបាល​ខិតខំអភិវឌ្ឍន៍កសាងប្រទេសយ៉ាងណាក៏ដោយ ក៏គេមើលមិនឃើញ ហើយរកតែចំណុចអវិជ្ជមានក្នុង​ការសរសេរ​បំប៉ោង​រិះគន់រដ្ឋាភិបាលតែម្តង។ ប៉ុន្តែដោយឡែក​សម្រាប់បក្សប្រឆាំងគឺគេផ្តល់សំឡេងឱ្យបក្សប្រឆាំងច្រើន ដើម្បីយកមក​ធ្វើ​ជាអត្ថបទព័ត៌មានដើម្បីឱ្យសាធារណ​ជន​​បានដឹងដែរ។

លោកបានបញ្ជាក់ថា “គាត់ថាឯករាជ្យ អ្នកនៅក្នុងនឹងបានដឹង គឺមើលឃើញរដ្ឋាភិបាលខ្មៅងងឹតតែម្តង ពីព្រោះខ្ញុំធ្លាប់​ធ្វើនៅ វីអូឌី ខ្ញុំដឹង។ ពេលខ្ញុំយើងមើលឃើញគោលនយោបាយរដ្ឋាភិបាលល្អ អត់សរសេរពីល្អទៅចេញជាបែប​អវិជ្ជមាន​ទៅវិញ ហើយភាគច្រើនគឺប្រឆាំង។ ខ្ញុំមើលឃើញការលះបង់របស់សម្តេចតេជោ គឺមិនថានៅក្នុងស្រុកមិនបានសម្រាកទេ ខិតខំស្វះស្វែងវិនិយោគទាំងក្រៅស្រុកនិងក្នុងស្រុក ប៉ុន្តែយើងអត់លើកយកប្រធានបទនឹងមកសរសេរទេ ដោយយកប្រធានបទបែបអវិជ្ជមានមកវ៉ៃវិញ”។

ជាមួយគ្នានេះ លោកឡាយ សាមាន អតីតបុគ្គលិកវិទ្យុ VOD បានសូមឲ្យសាធារណជនធ្វើការវាយតម្លៃដូចដែលអ្វីលោក​បានបកស្រាយ។ ដោយលោកបានលើកឡើងថា ពេលខ្លះយើងមើលពីក្រៅឃើញថា VOD មានជំហរអព្យាក្រឹត្យ ឬឯករាជ្យ ប៉ុន្តែតាមការពិត គឺគេបានបណ្តុះគំនិតមើលឃើញតែពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល មើលឃើញរដ្ឋាភិបាលខ្មៅ​ងងឹត​តែម្តង។ ហើយសូមឲ្យសាធារណជនពិចារណា។

លោក ឡាយ សាមាន ក៏សូមការអនុគ្រោះ និងសូមទោសពីសម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកលោកបាន​សរសេរ​ព័ត៌មាន​ប៉ះពាល់ដល់កេរ្តិ៍ និងកិត្តិយសសម្តេច ពីព្រោះលោកធ្វើតាមតែបញ្ជារបស់ថ្នាក់ដឹកនាំ វីអូឌី ។ ហេតុនេះ សូមសម្តេច​មេត្តាអនុគ្រោះ និងអភ័យទោសដល់លោកផង៕ ដោយ៖ ពលជ័យ

ads banner