ក្រុមយុវជនសង្គមស៊ីវិល ព្រួយបារម្ភចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម បានសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាង ខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនបានកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលមាន លក្ខណៈប្រឌិតហួសហេតុ ចំពោះស្ថានភាពនៃក្រុមយុវជនសង្គមស៊ីវិល។ នេះដោយសារយើងខ្ញុំមិនបានគាំទ្រក្រុមនយោបាយប្រឆាំង ឬអង្គការសង្គមស៊ីវិលកូនកាត់របស់ពួកគេ។ ទង្វើនេះបានបង្កឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្កើតនូវភាពអយុត្តិធម៌ ដល់យើងខ្ញុំយ៉ាងក្រៃលែង។

ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្ដាជន រួមទាំងស្ថាប័នសារព័ត៌មាន អង្គការ សមាគម ទាំងនោះ មេត្តាបញ្ចប់ការហែកហួរ បំបែកបំបាក់ខ្មែរនឹងខ្មែរ បញ្ឈប់ការលាបពណ៌ ប្រមាថមើលងាយ ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ដោយគ្រាន់តែយើង ខ្ញុំមិនគាំទ្រគំនិត ឬអ្នកនយោបាយប្រឆាំងដែលពួកគេស្រលាញ់។ សូមមេត្តាយកពេលវេលា និងចំណេះដឹងដ៏មានតម្លៃរបស់អ្នកមកប្រើដើម្បីជាប្រយោជន៍ និងសេចក្តីថ្លៃថ្នូ ហើយចូលរួមចំណែកកសាងសង្គមជាតិ ជាជាងបង្កើតការឈឺដល់អ្នកដទៃ ព្រោះនេះជាអំពើអកុសលកម្ម។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស យុវជនអង្គការសង្គមស៊ីវិលកូនកាត់ មេត្តាផ្លាស់ប្តូរទស្សនៈរបស់លោកអ្នក ហើយទទួលយកចម្រុះគំនិតនៅក្នុងសង្គមជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិដ៏កំសត់របស់យើងឱ្យកាន់តែប្រសើរឡើង ជាជាងចាំតែរិះរកវិធីសាស្ត្រគូសវាសផែនការ ធ្វើសកម្មភាព វិច្ឆេទកម្មផ្សេងៗដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា កុំបន្តជាន់ដានប្រវត្តិសាស្ត្រដដែលៗដែលព្យាយាមបំបែកខ្មែរនឹងខ្មែរ។ ពិសេសសូមផ្ដាំផ្ញើទៅយុវជនសង្គមស៊ីវិលកូនកាត់ឈប់បង្កជម្លោះ ប្តូរទស្សនៈចូលរួមកសាងសង្គមជាតិជាមួយគ្នា ទើបមានឈ្មោះថាយុវជនឈាមថ្មី សម័យរុងរឿង។

ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ក្នុងនាមយើងខ្ញុំជាយុវជនសសរទ្រូងនៃប្រទេសជាតិនៅតែប្តេជ្ញាចិត្ត បន្តយកចំណេះ ជំនាញ ដើម្បីមានឱកាសចូលរួមចំណែកកសាងមាតុភូមិ និងបន្តផ្សព្វផ្សាយពីគោលការណ៍សមិទ្ធផលល្អៗរបស់ជាតិយើងទៅកាន់ពិភពលោក ដូចឃ្លាមួយក្នុងបទពង្សាវតាពោលថា “តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើងឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា”៕
ដោយ៖ពលជ័យ

ads banner