មេដឹកនាំពិភពលោកបង្ហាញក្តីបារម្ភខ្លាំង ពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃ Amazon ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ

ប្រេស៊ីល៖ សហគមន៍អន្តរជាតិ ក្នុងនោះរួមមាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកាណាដា សុទ្ធតែបានបង្ហាញការព្រួយបារម្ភ ទាក់ទិននឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃ អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ដែលកាន់តែអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។

ទន្ទឹមគ្នានេះ ពួកលោកក៏បានធ្វើការរិះគន់ផងដែរ ទៅលើប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ខណៈលោក Jair ផ្ទាល់បានប្រាប់កុំឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រេស៊ីល ព្រមទាំងបានទទួលស្គាល់ថា បញ្ហាភ្លើងឆេះព្រៃក្នុងតំបន់ អាម៉ាហ្សូន ទំនងជាបង្កឡើងពីកសិករមួយចំនួនដុតព្រៃធ្វើស្រែចម្ការ។ ឆ្លើយតបនឹងបញ្ហាភ្លើងឆេះព្រៃនេះដែរ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណែរ៉ា បានប្រកាសផ្ដល់ជំនួយដល់ប្រេស៊ីល និង បូលីវី ដែលកំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងដ៏ធំសម្បើម នៅក្នុងតំបន់ អាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតរបស់ភពផែនដី។

បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ៧២,៨៤៣កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner