សារព័ត៌មានរុស្ស៊ីផ្សាយថា កូរ៉េខាងជើងទំនងជាធ្វើឲ្យលេចធ្លាយកាកសំណល់វិទ្យុសកម្ម ចូលទៅក្នុងទឹកទន្លេ
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ស្ព្រូតនីគ បានរាយការណ៍ថា រោងចក្រសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយកន្លែងរបស់កូរ៉េខាងជើង ត្រូវគេសង្ស័យថា បានលេចធ្លាយនូវកាកសំណល់វិទ្យុសកម្មចូលទៅក្នុងទឹកទន្លេ។
បំពង់ដែលមានតួនាទីបង្ហូរកាកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ព្យុងសាន នៅខេត្ត វ៉ាងហែខាងជើង ទៅកាន់អាងស្តុកទុកកាកសំណល់ ប្រហែលជាបានលេចធ្លាយកាកសំណល់ពុលចូលក្នុងផ្ទៃទឹកនៅក្បែរនោះ ដែលវាត្រូវហូរចូលទៅកាន់ទន្លេហាន និងសមុទ្រលឿង នេះបើតាមសម្រង់រូបភាពពីផ្កាយរណប។
សូមរំលឹកផងដែរថា រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ព្យុងសាន មិនត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំ រហូតដល់អំឡុងទសវត្សរ៍ឆ្នាំ២០០០ ទើបប្រតិបត្តិការត្រូវបានចាប់ផ្តើមឡើងវិញ ហើយវាក៏បានទទួលបានការកែលម្អផងដែរ ដែលបានបញ្ចប់រួចរាល់កាលពីឆ្នាំ២០១៥ ខណៈកូរ៉េខាងជើងបានបង្កើនការផលិតឥន្ធនៈនុយក្លេអ៊ែរសម្រាប់គោលដៅផលិតអគ្គិសនី៕ធ.ដ





