ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ៨ខែជាប់គ្នាគិតមកត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ ស្របពេលមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង
ជប៉ុន៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះ៨ខែៗជាប់គ្នាគិតមកត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ ខណៈទំនុកចិត្តរបស់ក្រុមហ៊ុនផលិតកម្មបានប្រែជាអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជាង៦ឆ្នាំមកនេះ ក្នុងគ្រាដែលការលក់ទៅប្រទេសចិនបានធ្លាក់ចុះម្តងទៀតក្នុងសញ្ញាថ្មីមួយថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកអាចនាំទៅដល់វិបត្តិសេដ្ឋកិច្ច។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ការនាំចេញក្នុងខែកក្កដាឆ្នាំនេះបានធ្លាក់ចុះ១,៦ ភាគរយ បើធៀបនឹងមួយឆ្នាំមុន ជាពិសេសការធ្លាក់ចុះការនាំចេញគ្រឿងបន្លាស់រថយន្ត និងគ្រឿងម៉ាស៊ីនផលិតកម្មទៅប្រទេសចិន។ ចំនួននោះ បើធៀបនឹងការធ្លាក់ចុះ២,២ ភាគរយដែលរំពឹងទុកដោយពួកសេដ្ឋវិទូ។
ការធ្លាក់ចុះនេះដែរ បានកត់សម្គាល់នូវការធ្លាក់ចុះនៃការនាំចេញយូរបំផុតចាប់តាំងពីការធ្លាក់ចុះការនាំចេញរយៈពេល១៤ខែ គិតពីខែតុលា ឆ្នាំ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ២០១៦។ ប៉ុន្តែមានក្តីសង្ឃឹមខ្លះសម្រាប់អ្នកនាំចេញ ដោយសារតែបរិមាណនៃការនាំចេញបានកើនឡើង១,៥ ភាគរយក្នុងខែកក្កដាកន្លងមកនេះ បើធៀបនឹងមួយឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានលើកដំបូងក្នុងរយៈពេល៩ខែមកនេះ៕ធ.ដ



