ខេត្តកំពង់ស្ពឺ ក្លាយជាខេត្តទី៤ របស់កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺគឺជាខេត្តទី៤ ក្នុងចំណោម ២៥រាជធានីខេត្ត នៃ ប្រទេស កម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការថា ជាខេត្តបញ្ចប់ការ បន្ទោ បង់ពាសវាលពាសកាល(ODF) ពោលគឺមានបង្គន់អនាម័យ ប្រើប្រាស់ គ្រប់ខ្នងផ្ទះ គិតត្រឹមនៅឆ្នាំ២០២២នេះ។ នេះបើតាមការ ឱ្យដឹងពីមន្រ្តី ជាន់ ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដី ពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សម្រាប់ទីរួម ខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធដោយមានកិច្ចសហការ ពីរដ្ឋបាលខេត្តកំពង់ស្ពឺបានផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ឃើញថា ខេត្តកំពង់ស្ពឺទទួលបានលទ្ធផលជ័យលាភីល្អ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

ឯកឧត្តមបានបញ្ជាក់ថា ៖ «កន្លងមកក្រុមការងារផ្ទៀងផ្ទាត់ បានពិនិត្យ ឃើញ ថា ខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅទី៤ ដែលបានបញ្ចប់ការបន្ទោបង់ពាស វាល ពាសកាល ដោយទទួលបានជោគជ័យ ប៉ុន្តែមិនមែនល្អឥតខ្ជោះនោះទេ តែក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និង អង្គការដៃគូពាក់ព័ន្ធនានា គណៈកម្មាការជាតិផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលសង្ឃឹមថា នឹងអាចទទួលបានODFផ្លឹស នាពេលខាងមុខ»។

ជាមួយគ្នានេះ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ បានលើក ឡើងដែរ ថា ស្របតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ នៅឆ្នាំ២០២៥ ប្រជាពល រដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ កន្លងមករដ្ឋបាលខេត្តតែងផ្តោតការយកចិត្ត ទុកដាក់ជា អាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យដែលជាតម្រូវការ ចាំបាច់សម្រាប់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ ប្រធានកម្មវិធីអង្គការភ្លែន អន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញគាំទ្រពីលទ្ធផលជោគជ័យរបស់ ខេត្ត កំពង់ស្ពឺដែលអាចបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)នេះ ព្រោះឃើញថាដោយសារខេត្តមានសេដ្ឋកិច្ចរីកចម្រើនបានធ្វើអនាម័យក្នុង ខេត្តមានកម្រិតខ្ពស់ខណៈប្រជាជនបានផ្លាស់ប្តូរឥរិយាបទលើអនាម័យប្រសើរជាងមុនដែរ។

លោកប្រាប់ថា ៖ «តាមរយៈបទពិសោធន៍ការងាររបស់អង្គការ ភ្លែន នៅខេត្ត កំពង់ស្ពឺនាពេលកន្លងមក ឃើញថា ខេត្តនេះនៅមានតំបន់ប្រឈមមួយចំនួន ដោយសារប្រជាជនខ្លះរស់នៅតំបន់ដាច់ស្រយាល ដូចជា នៅតំបន់ថ្ពង តំបន់ ត្រែងត្រយឹង ភ្នំស្រួច និងមានគ្រួសារខ្លះចំណាកស្រុកដែរ ។ចឹងធ្វើ ឱ្យពួកគាត់អត់បន្ទោបង់ពាសវាលពាសកាលទៀតទេ នេះក៏ជាចំណុចមួយ ដែលអាជ្ញាធរគួរសិក្សាបន្តផងដែរ»។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធ សាស្រ្ដជាតិ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ដើម្បីសម្រេចឱ្យបានគោលដៅ អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពគឺ «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ មានលទ្ធភាពទទួលសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយនិរន្តរភាព។

ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ គឺបានគ្រោងខេត្តចំនួនប្រាំខេត្ត ដើម្បីជំរុញជាខេត្ត ODF រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង និងខេត្តកែប។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺចែកជា ១ ក្រុង និង៧ ស្រុក/សង្កាត់ចំនួន ៥, ឃុំចំនួន៨៣, ភូមិចំនួន ១.៣៧៩ ភូមិ។ ខេត្តមានពលរដ្ឋសរុប ២២២.២៥៧ គ្រួសារ ស្នើនឹងប្រមាណប្រាំបួនសែន នាក់។ រដ្ឋបាលខេត្ត បានចា ត់ទុកថា នេះគឺជាជោគជ័យ និងមោទកភាព សម្រាប់ ខេត្តកំពង់ស្ពឺ ដែលបានសម្រេចផែនការមុនកាល កំណត់ទាក់ទងទៅ នឹងកា របញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ដែល ក្រសួង អភិវឌ្ឍន៍ ជនបទបានដាក់ឱ្យអនុវត្ត ខណៈរដ្ឋបាលខេត្តនឹងរៀបចំពិធី ប្រកាសលទ្ធផលនេះជាផ្លូវការនាពេលឆាប់នេះ ក្រោយទទួលបានការយល់ ព្រមពីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕
ដោយ៖សែម ពិសី

ads banner