NASA សម្រេចអនុញ្ញាតឱ្យបញ្ជូនយានទៅកាន់ព្រះចន្ទ Europa នៅឆ្នាំ២០២៣ខាងមុខ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិកណាសា បានអនុញ្ញាតឲ្យគម្រោងបេសកកម្ម យូរ៉ូប៉ា ឃ្លីបភើ ដែលមានគោលដៅសិក្សាអំពីព្រះចន្ទទឹកកក យូរ៉ូប៉ា របស់ភពព្រហស្បតិ៍ត (Jupiter) បន្តជំហានបន្ទាប់ទៀត។
ប្រព័ន្ធបេសកកម្មខាងលើ នឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីព្រះចន្ទ យូរ៉ូប៉ា របស់ភពព្រហស្បតិ៍ត ហើយនឹងស៊ើបមើលឲ្យដឹងថា តើព្រះចន្ទទឹកកកនេះអាចលាក់ទុកជីវិតក្នុងទម្រង់ណាមួយដែរ ឬអត់។ បើតាមការគ្រោងទុកនោះ អង្គការណាសាបានដាក់គោលដៅថា នឹងបញ្ចប់គម្រោងអភិវឌ្ឍន៍យាន យូរ៉ូប៉ា ឃ្លីបភើ ដោយអាចឲ្យវាចេញដំណើរពីផែនដីបាននៅឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា យូរ៉ូប៉ា ជាព្រះចន្ទទឹកកកមួយក្នុងចំណោមព្រះចន្ទធំៗបំផុតទាំង៤ នៃភពព្រហស្បតិ៍ត ហើយបើតាមក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា នៅក្រោមផ្ទាំងទឹកកកកម្រាស់១០គីឡូម៉ែត្ររបស់វា គឺមានលាក់សមុទ្រទឹករាវ ដែលមានលទ្ធផលទ្រទ្រង់ជីវិតនៅក្នុងទម្រង់ណាមួយ៕ធ.ដ



