កូរ៉េខាងត្បូងសម្រេចបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយជប៉ុន
កូរ៉េខាងត្បូង៖ វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះបានលើកឡើងថា ខ្លួនបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខទូទៅស្តីពី ព័ត៌មានយោធា GSOMIA ជាមួយជប៉ុន ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូង គឺជារឿងដ៏គួរឲ្យសោកស្ដាយបំផុត ហើយមិនមានការគិតគូរគ្រប់ជ្រុងជ្រោយពីស្ថានការណ៍សន្តិសុខក្នុងតំបន់ ។ ប្រមុខការទូតជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ជប៉ុនមិនអាចទទួលយកការសម្រេចចិត្តនេះបានទេ ដ្បិតការចែករំលែកព័ត៌មានយោធា និងរឿងពាណិជ្ជកម្ម ជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ប្រទេសលោកក៏មានការខកចិត្តជាខ្លាំងដែរ ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង តែចង់ឲ្យសម្ព័ន្ធមិត្តទាំងពីរបន្តដោះស្រាយបញ្ហាដោយការជជែកគ្នា ៕ធ.ដ




