ទឹកធ្លាក់ស្រែអំពិល ដែលកំពុងលាក់ខ្លួនកណ្តាលព្រៃភ្នំក្បែរជើងភ្នំឱរ៉ាល់ នៃខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ តំបន់ទឹកធ្លាក់ស្រែអំពិល ដែលមានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ។ តំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ គ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ចិត្ត ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ប្រជាពលរដ្ឋ និងអាជ្ញាធរ សហគមន៍នៅតំបន់នោះ មានការទទួលបដិសណ្ឋារកិច្ចយ៉ាងរីករាយ ដោយពួកគាត់ម្នាក់ៗពិតជាបានយល់ច្បាស់ពីគុណតម្លៃវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលអាចជួយជំរុញឲ្យជីវភាពរស់នៅរបស់ពួកគាត់បានមួយការកើនឡើងកម្រិតទៀត។ សំឡេងទឹកធ្លាក់ប៉ប្រះថ្មដានៅតាមដងស្ទឹងបាន អង្រួនអារម្មណ៍អ្នកទេសចរឱ្យស្រស់ស្រាយសប្បាយរករាយមួយរំពិច ចំហាយត្រជាក់មកប៉ះកាយ ខ្យល់ដកដង្ហើមក៏បរិសុទ្ធ។ សំលេងសត្វ បន្លឺឡើងរងំពេញព្រឹកព្រៃ ធម្មជាតិដ៏សុខក្សេមក្សាន្តគ្មានអ្វីប្រៀបផ្ទឹម ធ្វើអោយអ្នកទេសចរយើង ទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតយ៉ាងជក់ចិត្ត។

សហគមន៍ទឹកធ្លាក់ស្រែអំពិលនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការគ្នាយ៉ាងសស្រោកសស្រាំពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។ មេឃុំក្ដុលសែនជ័យ លោក ម៉ឹង សុវិសាល បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលបានចូកមកលេងកម្សាន្តនៅទីកន្លែងនេះមានប្រមាណជា១០០០នាក់ក្នុងមួយខែ។ សហគមន៍បាននឹងកំពុងយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលបន្តទៅទៀត ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិនានា ដែលរំពឹងថានឹងមានការកើនឡើងនាពេលបន្តបន្ទាប់ខាងមុខ។ ក្រៅពីតំបន់ធម្មជាតិដែលជាកំណប់ទេសចរណ៍ដ៏វិសាលទៀតនោះ តំបន់ទឹកធ្លាក់ស្រែអំពិល ក៏បានបន្សល់នូវទីតាំងប្រវត្តិសាស្ត្រកាលពីសម័យខ្មែរក្រហម និងស្លាកស្នាមរឿងព្រេងដែលប្រជាពលរដ្ឋម្ចាស់ស្រុកតំណាលតៗគ្នាផងដែរ ដូចជាកោះតាព្រេង ដានព្រះបាតជាដើម។

សហគមន៍ទេសចរណ៍ដែលមានលោក អែម ជា ប្រធាន សហការនឹងអាជ្ញាធរឃុំ បានរៀបចំខ្យូស សម្រាប់អង្គុយលេងជាច្រើនកន្លែង មានរៀបចំផ្សារមួយកន្លែង ដែលមានបណ្ដោយប្រមាណជាង២០ ម៉ែត្រ សម្រាប់ឲ្យប្រជាពលរដ្ឋ លក់ដូរ និងបានសង់ស្ពានតូចៗ សម្រាប់ឆ្លងកាត់អូរបានជាច្រើនកន្លែង។ ដោយឡែក មេឃុំក្តុលសែនជ័យ លោក ម៉ឹង វិសាល បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរកាន់តែច្រើនឡើង ខ្យូសសម្រាប់តម្រូវការភ្ញៀវមកអង្គុយលេងមានចាប់ផ្តើមមានការខ្វះខាតផងដែរ។

ទន្ទឹមនេះ លោកសូមអំពាវនាវដល់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សប្បុរសជននានា ដែលមានចំណូលចិត្តខាងអភិរក្សធនធានធម្មជាតិ សូមជួយជាថវិកា គ្រឿងសម្ភារផ្សេងៗ ដែលត្រូវការការរៀបចំ និងដំណើរការបន្ថែមនៅលើទីតាំងនេះមានដូចជាការសង់ខ្យូសបន្ថែម បង្គន់អនាម័យ ធ្វើផ្លូវចូលរួមទាំងការរៀបចំសម្អាតបរិស្ថានផ្សេងៗផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរឃុំក្តុលសែនជយ័ ក៏ដូចជាសហគមន៍បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅលេងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ព្រោះថា ទីនោះមានទឹកជ្រោះ និងព្រៃភ្នំយ៉ាងស្រស់ស្អាត៕ធ.ដ

ដោយៈ សុក្ខារិន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner